ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានស្ត្រីម្នាក់ប្តឹងប៉ូលិសឲ្យចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពដើរតាមក្រោយបម្រុងធ្វើឆក់យកខ្សែកខ្សែក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកវត្តជ្រោយអំពិល ភូមិជ្រោយអំពិល សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ។

នារីរងគ្រោះមានឈ្មោះ សុខ សុផាត ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យមានឈ្មោះ ឌឿន ធូ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នាងទើបមកពីចូលរួមកម្មវិធីអាពាហ៍ពិពាហ៍នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ បន្ទាប់មក នាងក៏ដើរទៅបត់ជើងតូចនៅជិតស្រះទឹកក្នុងវត្តជ្រោយអំពិល ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់បានដើរពីក្រោយ រួចចាប់ដៃនាង ធ្វើឲ្យនាងមានអារម្មណ៍ភិតភ័យយ៉ាងខ្លាំង។

ស្ត្រីរងគ្រោះមានបន្តថា ពេលនោះនាងមិនបានរើបម្រះនោះទេ ហើយបានប្រើធម៌ត្រជាក់និយាយលួងលោមថា “បើអ្ហែងចង់ស្រួល ចាំខ្ញុំធ្វើឲ្យស្រួល” បន្ទាប់មក ជនសង្ស័យរូបនោះក៏លែងដៃវិញ ជាឱកាសល្អ នាងក៏បានធាក់ជនសង្ស័យមួយជើងដួលទៅនឹងដី ហើយជនសង្ស័យបានព្យាយាមងើបឡើង ធ្វើសកម្មភាពឆក់ខ្សែកមាស ទម្ងន់១តម្លឹង ពីនាងបានសម្រេចរួចរត់គេចខ្លួន ពេលនោះនាងបានស្រែកថា ចោរៗ គាប់ជួនក៏មានសមត្ថកិច្ចកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើហេតុ បានជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យ រួមនឹងវត្ថុតាងខ្សែកមាស តែម្តង។

បច្ចុប្បន្ន ជនសង្ស័នត្រូវសមត្ថកិច្ចឃុំខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ បន្តនីតិវិធីច្បាប់៕