ភ្នំពេញ ៖ នៅក្នុងពិធីគោរពទង់ជាតិ ដែលមានមន្ត្រីនករបាលចំនួនជាង៦០០នាក់ ឯកឧត្តមឧត្ដមសេនីយ៍ ឯក ស ថេត មានតួនាទីជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទត្រូវតែស្អាតស្អំ មិនពាក់ព័ន្ធគ្រឿងញឿន។

ហើយអ្វីដែលពិសេសទៀតនោះ ឯកឧត្តមស ថេត ក៏បានថ្លែងថា ការធ្វើតេស្ដទឹកនោមរកសារធាតុញៀននឹងធ្វើឆាប់ៗនេះ ចាប់ពីប៉ូលិសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រហូតដល់បណ្ដាប៉ុស្តិ៍នគរបាល។

លោកស្នងការ ស ថេត បានបង្ហោះសារលើហ្វេសប៊ុករបស់លោក កាលពីព្រឹកមិញនេះថា “ក្នុងឱកាសគោរពទង់ជាតិដែលមានមន្រ្តីនគរបាលចូលរួមជាង៦០០នាក់ ខ្ញុំក៏បានក្រើនរំលឹកដល់មន្រ្តីនគរបាលទាំងអស់ ត្រូវស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀន ហើយការធ្វើតេស្តទឹកនោម នឹងធ្វើឆាប់ៗខាងមុខ ចាប់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដល់បណ្តាប៉ុស្តិ៍ ដោយបច្ចុប្បន្ន យើងកំពុងតែរកឧបករណ៍ពិនិត្យទឹកនោមឱ្យគ្រប់ចំនួន”។

លោកស្នងការរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា”អ្វីដែលលើកឡើងនេះ ក្នុងគោលបំណងជំរុញឱ្យមន្រ្តីនគរបាល ជាអ្នកអនុវត្តច្បាប់ ត្រូវតែជាជនគំរូដ៏ល្អសម្រាប់ពលរដ្ឋ”។

យ៉ាងណា ការក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទនេះ ទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ពីព្រោះថា លោកស ថេត មិនមែនធ្វើចំពោះតែប្រជាពលរដ្ឋទូទៅនោះទេ តែលោកក៏នឹងចាត់ការលើមន្ត្រីនគរបាលណាដែលមានគំរូមិនល្អផងដែរ៕





