Sunday, November 16, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចឃាត់ខ្លួនបានទាំង៣នាក់ ក្នុងនោះ ក៏មានជនជាតិខ្មែរម្នាក់ដែរ

សមត្ថកិច្ចឃាត់ខ្លួនបានទាំង៣នាក់ ក្នុងនោះ ក៏មានជនជាតិខ្មែរម្នាក់ដែរ

ខេត្តកំពត ៖ នៅវេលាម៉ោង៧និង១៥យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមន្ទីរយុត្តិធម៌អាវុធហត្ថខេត្តកំពត បានសហការជាមួយអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលបានប្រព្រឹត្តបទល្មើសករណីឃាតកម្ម កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥និង១៥នាទី ត្រង់ចំណុចឆ្នេរអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ LIU SHENG ភេទប្រុស ជាជនជាតិចិន អាយុ៣០ឆ្នាំ មុខរបរលក់នំប៉័ង ទី២-ឈ្មោះ XU JUN JUN ភេទស្រី ជាជនជាតិចិន អាយុ៣២ឆ្នាំ និងទី៣-ឈ្មោះអ័រ ប្រុស ភេទប្រុស អាយុ២០ឆ្នាំ ជាជនជាតិខ្មែរ រស់នៅភូមិរបងក្រាស ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

តាមប្រភពពីកម្លាំងអាវុហត្ថ បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពត សហការជាមួយកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួន ខណៈដែលជនសង្ស័យទាំង៣ ជិះរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-6145 នៅចំណុចគល់ស្ពានព្រែកកំពង់បាយ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួមវត្ថុតាង ត្រូវកម្លាំងជំនាញប្រគល់ជូន អាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES