Sunday, November 16, 2025
Homeព័ត៌មានជាតិចូលផឹកសុីក្នុងខារ៉ាអូខេ ហៅស្រីមកកំដរ លូកស្ទាបខ្លាំងពេក នាងមិនព្រម ធាក់ក្បាល១ជើង បង់សំណង២០០ដុល្លារ

ចូលផឹកសុីក្នុងខារ៉ាអូខេ ហៅស្រីមកកំដរ លូកស្ទាបខ្លាំងពេក នាងមិនព្រម ធាក់ក្បាល១ជើង បង់សំណង២០០ដុល្លារ

ភ្នំពេញ ៖ បុរសជាជនជាតិចិន១ក្រុម បានចូលទៅផឹកស៊ីច្រៀងលេងនៅក្នុងហាងខារ៉ាអូខេមួយកន្លែង និងថែមទាំងបានហៅនារីៗមក អង្គុយកំដរពួកខ្លួនទៀតផង លុះក្រោយពីផឹកស្រវឹងជោកជាំ ក៏ចេះតែរពិសដៃ លូកលើលូកក្រោម រហូតធ្វើឱ្យនារីកំដរធុញទ្រាន់ មិនឱ្យប៉ះ ក៏ស្រាប់តែបង្ករឿងឈ្លោះប្រកែក រហូតឈានដល់ប្រើហិង្សា ធាក់ក្បាលនារីបម្រើខារ៉ាអូខេ១ជើង ធ្វើឱ្យកើតមានការផ្អើលឆោឡោ កាលពីវេលាម៉ោងជិត២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងហាងខារ៉ាអូខេមួយកន្លែង យីហោ “សប្បាយ ខារ៉ាអូខេ  Sabay KTV” ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

នារីរងគ្រោះដែលត្រូវជនជាតិចិន ធាក់ក្បាល១ជើង ព្រោះតែខឹងលូកស្ទាបមិនបាននេះ មានឈ្មោះលីនដា អាយុ២០ឆ្នាំ មុខរបរធ្វើការក្នុងហាងខារ៉ាអូខេកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ មានជនជាតិចិនមួយ ក្រុម មានគ្នាប្រមាណជិត១០នាក់ បាននាំគ្នាចូលមកផឹកស៊ីច្រៀងខារ៉ាអូខេក្នុងហាងខាងលើ ដោយបានហៅនារីៗមកអង្គុយកំដរពួកគេទៀតផង។ លុះមកទល់នឹងម៉ោងជិត២រំលងអធ្រាត្រ ក្រោយពីផឹកស៊ីស្រវឹងជោកជាំ ទើបធ្វើឱ្យប្រុសៗចិនទាំងនោះ ចាប់ផ្តើមរពិសដៃលូកលើកលូកក្រោម លុះខឹងនឹងនារីរងគ្រោះ មិនឱ្យប៉ះ ស្រាប់តែផ្ទុះកំហឹង រករឿងឈ្លោះ រហូតក្លាយជាអំពើហិង្សា ធាក់ក្បាលនារីរងគ្រោះ១ជើង  បង្កការភ្ញាក់ផ្អើលពេញក្នុងខារ៉ាអូខេតែម្តង។

ប្រភពដដែលបន្តថា ភ្លាមៗនោះ ក្រុមសន្តិសុខខារ៉ាអូខេខាងលើ បានចុះទៅឃាត់ជនជាតិចិនម្នាក់ ក្នុងចំណោមក្រុមជនជាតិចិន មានគ្នាប្រមាណជិត១០នាក់នោះ ដើម្បីដោះស្រាយគ្នាមួយជំហានសិន។

ប្រភពដដែលនោះ បានបញ្ជាក់ថា ក្រោយមកដោយមានការសម្របសម្រួលពីក្រុមសន្តិសុខ ដើម្បីកុំឱ្យមានរឿងវែងឆ្ងាយ និងកុំឱ្យប៉ះពាល់ដល់ហាងទៀតនោះ នារីរងគ្រោះទាមទារជំងឺចិត្ត២០០ដុល្លារ ពីជនជាតិចិនបង្ក ហើយជនជាតិចិននោះ ក៏យល់ព្រមសងសំណងឱ្យនារីរងគ្រោះដើម្បីបញ្ចប់រឿងផងដែរ ហើយគិតលុយចេញទៅបាត់ទៅ៕

RELATED ARTICLES