Sunday, November 16, 2025
Homeព័ត៌មានជាតិឈឺពោះឆ្លងទន្លេ ហៅឆ្មបមកសម្រាល ម៉ែស្លាប់ កូនរស់

ឈឺពោះឆ្លងទន្លេ ហៅឆ្មបមកសម្រាល ម៉ែស្លាប់ កូនរស់

ខេត្តរតនគិរី ៖ ស្ត្រីជនជាតិគ្រឹងម្នាក់ មានផ្ទៃពោះគ្រប់ខែ ឈឺពោះសម្រាល ក៏ត្រូវក្រុមគ្រួសាររត់ទៅហៅឆ្មបបុរាណប្រចាំភូមិម្នាក់ មកជួយសម្រាល ស្រាប់តែអកុសល ក្រោយពីសម្រាលរួចបាន១ថ្ងៃ ស្ត្រីជាម្តាយបានស្លាប់យ៉ាងអាណោចអាធ័ម ចំណែកទារកបានរួចរស់ជីវិត និងពុំមានប៉ះពាល់ដល់សុខភាពនោះទេ។

ហេតុការណ៍ស្ត្រីម្នាក់ស្លាប់ក្រោយពេលសម្រាលកូននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិក្រលង ឃុំល្អក់ ស្រុកអូរជុំ។

ស្ត្រីរងគ្រោះដែលស្លាប់ក្រោយសម្រាល មានឈ្មោះប៉ាក្លាង ហ៊ឹប អាយុ២០ឆ្នាំ ជាជនជាតិគ្រឹង មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ រីឯទារិកាមានសុខភាពល្អ ពុំមានប៉ះពាល់ដល់សុខភាពឡើយ។

លោក ធូ យឿ អភិបាលស្រុកអូរជុំ បានឱ្យដឹងថា ក្រោយពីម្តាយទារិកាបានស្លាប់នោះមក គណៈអភិបាលស្រុកអូរជុំ បានចាត់លោកស្រី ជា សោភ័ណ្ឌ ប្រធានគណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារ កញ្ញាគឹម សែនសុខាន ប្រធានការិយាល័យកិច្ចការនារីស្រុក និងលោកស្រី នុន សុគន្ធីតា តំណាង ស.ស.យ.ក ក្រុ នាំយកថវិកាចំនួន៤០ម៉ឺនរៀល ជូនដល់គ្រួសារសព ដើម្បីជួយដល់ទារិកាយកទៅទិញទឹកគោ និងសម្ភារៈប្រើប្រាស់មួយចំនួន រួមនឹងស្ថានីយប្រេងឥន្ធនៈ ថៃ ធីតា ភេទស្រី បានជួយជាថវិកាចំនួន៥ម៉ឺនរៀល និងប្រេងសាំងចំនួន៣០លីត្រ ដល់គ្រួសារសព។

លោកថា ករណីឆ្មបដែលបានសម្រាលស្ត្រីម្នាក់ស្លាប់នោះ លោកមិនទាន់មានវិធានការនៅឡើយទេ ដោយលោកកំពុងជាប់រវល់។ ចំណែកកាកបាទក្រហមកម្ពុជាខេត្ត បានចុះជួយឧបត្ថម្ភគ្រួសារនៃសពជាថវិកា និងសម្ភារៈមួយចំនួនធំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារផងដែរ។

សូមបញ្ជាក់ថា ស្ត្រីសម្រាលកូនបានមួយថ្ងៃស្លាប់នេះ ជាកូនដំបូង ប៉ុន្តែមិនគួរណាស្ត្រីរងគ្រោះទៅសម្រាលកូនដំបូង មិនទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ បែរជាទៅរកឆ្មបបុរាណនៅក្នុងភូមិឱ្យសម្រាលកូនទៅវិញ នេះដោយការខ្វះឧបករណ៍បច្ចេកទេសគ្រប់គ្រាន់ ទើបធ្វើឱ្យស្ត្រីរងគ្រោះបាត់បង់អាយុជីវិតដោយនៅវ័យក្មេងបែបនេះ៕

RELATED ARTICLES