Sunday, November 16, 2025
Homeព័ត៌មានជាតិអីក៏ខំប្រឹងខ្លាំងម្ល៉េះ!!! សូម្បីតែពាក្យផ្តាំផ្ញើលាប្រពន្ធកូន ១ម៉ាត់ ក៏មិនបានផង

អីក៏ខំប្រឹងខ្លាំងម្ល៉េះ!!! សូម្បីតែពាក្យផ្តាំផ្ញើលាប្រពន្ធកូន ១ម៉ាត់ ក៏មិនបានផង

បន្ទាយមានជ័យ៖ បុរសជាអ្នកបើករថយន្តតាក់ស៊ីម្នាក់ បានបើករថយន្តក្នុងល្បឿនយ៉ាងលឿន បំណងទៅទទួលយកម៉ូយដែលនៅចាំ ស្រាប់តែអកុសល មិនទាន់ដល់គោលដៅផង បែរជារេចង្កូតក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ផ្លូវ បណ្តាលឱ្យបុរសជាតៃកុងរថយន្ត ស្លាប់នៅនឹងកន្លែងគួរឱ្យសង្វេគ ដោយមិនបានផ្តាំផ្ញើលាប្រពន្ធកូនសូម្បី១ម៉ាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបង្កឡើងដោយខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោង៤និ៤០នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវកែងខាងលិចខ្លោងទ្វារវត្តប្រាសាទសំរោង ស្ថិតក្នុងភូមិតេជោភ្នំឆត្រ ឃុំស្វាយចេក ស្រុកស្វាយចេក។

បុរសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ គ្រោះថ្នាក់ក្រឡាប់រថយន្តនេះ មានឈ្មោះសោម សុភី អាយុ៥០ឆ្នាំ រស់នៅភូមិ១២ សង្កាត់វាលវល់ ខណ្ឌ៧មករា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានបើករថយន្ត១គ្រឿង ម៉ាកកាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខសៀមរាម 2A-7316 (ជិះតែម្នាក់ឯង) ធ្វើដំណើរពីលិចទៅកើត  បោះពួយយ៉ាងលឿនដូចហោះ។ លុះមកចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម រីឯរថយន្តរងការខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះអន្តរាគមន៍ធ្វើកំណត់ហេតុ រួចទាក់ទងផ្តល់ដំណឹងទៅក្រុមគ្រួសារមកដឹកសពជនរងគ្រោះយកទៅលំនៅដ្ឋាន ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកសៅជាពន់ពេក។ ចំណែករថយន្តរបស់ជនរងគ្រោះសមត្ថកិច្ចស្ទូចយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំប្រគល់ជូនក្រុមគ្រួសារវិញនៅពេលក្រោយ៕

RELATED ARTICLES