ខេត្តកំពង់ធំ ៖ ទណ្ឌិតក្នុងបទល្មើសគ្រឿងញៀនម្នាក់ បានដើរចូលបន្ទប់ទឹក រួចក៏ដួលផ្ងារក្រោយ បណ្តាលឱ្យបោកក្បាលស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់ទឹកពន្ធនាគារ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្មាំ២០១៩ នៅចំណុចក្នុងពន្ធនាគារខេត្តកំពង់ធំ។

សពទណ្ឌិតដែលដួលបោកក្បាលស្លាប់ក្នុងបន្ទប់ទឹក មានឈ្មោះឡាយ មិថុនា ភេទប្រុស អត្តលេខ គ-ទ ០០២៨៤៧ កើតឆ្នាំ១៩៨១ មានស្រុកកំណើតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ជាប់ចោទពីបទប្រើប្រាស់គ្រឿងញៀន និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ដោយអនុវត្តទោសទៅលើជនជាប់ចោទចំនួន៣ឆ្នាំ ដោយចៅក្រម ឃន សុកល ប្រធានសាលាដំបូងខេត្តកំពង់ធំ។

យោងតាមសម្តីសាក្សីម្នាក់ឈ្មោះមួន សុផានី ភេទប្រុស អាយុ២៦ឆ្នាំ ជាទណ្ឌិតនៅបន្ទប់ឃុំឃាំងជាមួយគ្នា បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះជាប្រធានបន្ទប់ បានដាស់ពួកខ្លួនដែលនៅបន្ទប់ជាមួយគ្នា ឱ្យមកប្រជុំក្នុងបន្ទប់ ដើម្បីរៀនបទបញ្ជាផ្ទៃក្នុងក្នុងពន្ធនាគារ។ បន្ទាប់មក ជនជាប់ឃុំទាំងអស់ បានចុះមកក្រោម រីឯជនរងគ្រោះបានដើរចូលក្នុងបន្ទប់ទឹក ហើយក៏ឮសូរសំឡេងធ្លាក់កាដុងទឹកយ៉ាងខ្លាំង ប្រមាណជា២ទៅ៣នាទីក្រោយមក ខ្លួនក៏បានឡើងទៅផឹកទឹកនៅបន្ទប់ខាងលើ ហើយបានទៅមើល ស្រាប់ឃើញជនរងគ្រោះដួលផ្ងារក្រោយដេកលើកឥដ្ឋការ៉ូ ដោយជើងឆ្វេងគងលើខឿនចានបង្គន់បញ្ឈរភ្នែក ភ្លាមនោះ ខ្លួនបានយកដៃទៅអង្រួន នៅតែមិនដឹងខ្លួន ហើយក៏បានហៅអ្នកទោសដទៃផ្សេងទៀត ឡើងមកជួយមើលគ្នា និងធ្វើចលនាសង្គ្រោះបឋម និងបានលាបរឺតប្រេងកូឡា ដើម្បីឱ្យជនរងគ្រោះដឹងខ្លួនដែរ តែជនរងគ្រោះនៅតែមិនដឹងខ្លួន ទើបអនុរក្សលើកជនរងគ្រោះដាក់ឡានយកទៅមន្ទីរពេទ្យខេត្តកំពង់ធំ ដើម្បីសង្គ្រោះ។ តែអកុសល បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យខេត្តភ្លាម ក្រុមគ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា ទណ្ឌិតរូបនេះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចជំនាញខេត្ត បានចុះទៅកន្លែងកើតហេតុជាក់ស្តែង និងបានពិនិត្យសពនៅក្នុងមន្ទីរពេទ្យខេត្ត តែពុំឃើញមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ការស្លាប់របស់ជនរងគ្រោះ គឺដោយសារដួលផ្ងារក្រោយ បោកក្បាលធ្វើឱ្យប៉ះពាល់ផ្នែកក្បាលខាងក្រោយ។

សាកសពទណ្ឌិតខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
