បន្ទាយមានជ័យ៖ ប្តីប្រពន្ធ១គូ បានទាស់សម្តីគ្នានៅតាមផ្លូវ រហូតបុរសជាប្តីបានប្រើអំពើហិង្សាទះកំផ្លៀង និងវាយផ្ទៃមុខប្រពន្ធជាច្រើនដៃ នៅតែមិនអស់ចិត្ត ស្ទុះទៅយកបន្ទះឈើវាយថែមទៀត។ ដោយទ្រាំពុំបានតទៅទៀត ស្ត្រីជាប្រពន្ធបានរត់ទៅប្តឹងសមត្ថកិច្ចឃាត់ខ្លួនប្តីកំណាចចាត់ការតាមច្បាប់។

ហេតុការណ៍ឃាត់ខ្លួនបុរសជាប្តីនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុង។
បុរសជាប្តីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះប៉ន ភារម្យ ភេទប្រុស អាយុ៣៣ឆ្នាំ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ សាន លាភា ភេទស្រី អាយុ២៨ឆ្នាំ។ ប្តីប្រពន្ធ១គូនេះ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា យោងតាមបណ្តឹងរបស់ស្ត្រីរងគ្រោះ មានឈ្មោះ សាន លាភា បានចោទប្រកាន់បុរសជាប្តី មានឈ្មោះ ប៉ន ភារម្យ តែងតែរករឿងឈ្លោះប្រកែកគ្នា ជេរប្រមាថ និងវាយដំមកលើរាងកាយនាងជាញឹកញាប់។ លុះនៅថ្ងៃកើតហេតុ ថ្អៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យជាប្តីបានមកទទួលនាងចេញពីកន្លែងធ្វើការ ហើយបានឈ្លោះប្រកែកគ្នាតាមផ្លូវ រហូតឈានដល់ប្រើហិង្សា ទះកំភ្លៀង វាយចំផ្ទៃមុខជាច្រើនដៃ និងបានយកបន្ទះឈើ វាយមកលើខ្លួនជាច្រើនទៀតផង។ ដោយសារនាងទ្រាំលែងបាននឹងអំពើហិង្សាររបស់ប្តី ទើបមកដាក់ពាក្យបណ្តឹងតែម្តង”។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាជនសង្ស័យបាន កម្លាំងជំនាញបានកោះហៅមកធ្វើការសាកសួរ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានប្រើហិង្សាទៅលើប្រពន្ធពិតប្រាកដមែន ដោយសារខ្លួនមានការសង្ស័យ និងប្រចណ្ឌប្រពន្ធខ្លាំងពេក ។

ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះជាប្រពន្ធ ឃើញថា មានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យខាងលើអាចត្រូវចោទពីបទហិង្សាប្រព្រឹត្តដោយសហព័ទ្ធ។

បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕