ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ យិន ម៉ាណា ដែលបានបើករថយន្តទំនើបបុកនិស្សិតស្រីម្នាក់កំពុងជិះម៉ូតូ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចផ្លូវលេខ៣១៧ កែង៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់រយៈពេល១ឆ្នាំ ប៉ុន្តែអនុវត្តតែ២ខែនោះ ត្រូវបានតុលាការសម្រេចដោះលែងចេញពីពន្ធនាគារ ឱ្យមានសេរីភាពវិញហើយ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។
យោងតាមប្រភពពីមន្ត្រីជាន់ខ្ពស់នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា កញ្ញាយិន ម៉ាណា ដែលជាជនបង្កបើករថយន្ត Range Rover បុកនិស្សិតស្រីឈ្មោះឌុំ រីដា ស្លាប់នោះ ត្រូវបានតុលាការសម្រេចចេញដីកាដោះលែងឱ្យមានសេរីភាពវិញហើយ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំ តែអនុវត្តត្រឹម២ខែប៉ុណ្ណោះ។

កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ កញ្ញាយិន ម៉ាណា ត្រូវ តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវបានអនុវត្តត្រឹមតែ២ខែប៉ុណ្ណោះ។ សាលក្រមនោះ ត្រវបានប្រកាសដោយលោកអ៊ុក សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សា ជំនុំជម្រះ និងមានអ្នកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ។
យុវតី យិន ឃុនម៉ី ហៅយិន ម៉ាណា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ ពន្ធនាគារជាបណ្តោះអាសន្ននៅពន្ធនាគារ PJ ពីបទបើកបរដោយធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយត្ន័បណ្តាលឱ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ នៃច្បាប់ចរាចរណ៌ផ្លូវគោក កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីត្រូវបានឪពុកនាំខ្លួនប្រគល់ឱ្យការិយាល័យនគរបាលចរាចរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ហើយត្រូវកម្លាំងសមត្ថកិច្ចបញ្ចូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃដដែលភ្លាមៗនោះ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កញ្ញាយិន ម៉ាណា ដែលជាអ្នកបើករថយន្ត Range Rover បុកនិស្សិតឆ្នើមឈ្មោះ ឌុំ រីដា ស្លាប់នោះ ត្រូវបានសមត្ថកិច្ចបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ បន្ទាប់ពីនាងបាន ចូលសារភាព នៅចំពោះមុខសមត្ថកិច្ចរាជធានីភ្នំពេញ។ ប៉ុន្តែនៅពេលដឹកកញ្ញា យិន ម៉ាណា មកដល់មុខតុលាការទៅហើយ សមត្ថកិច្ចមិនបាននាំនាងចូលខាងតុលាការភ្លាមនោះទេ ដោយបើករថយន្តទៅបង្ហួសទៅបាត់ ពីព្រោះឃើញអ្នកយកព័ត៌មានច្រើនពេកនៅប្រចាំតុលាការ។ រហូតដល់មួយសន្ទុះក្រោយមក សមត្ថកិច្ចបានដឹកកញ្ញាយិន ម៉ាណា មកដល់តុលាការវិញ នៅវេលាម៉ោងប្រមាណ១០ៈ៣៥នាទីព្រឹកថ្ងៃដដែល ដោយគេសង្កេតឃើញថា ពេលរថយន្តសមត្ថកិច្ចបានដឹកជនបង្កចូលមកដល់ក្នុងបរិវេណអគារសាលាដំបូង អ្នកសារព័ត៌មានពិបាកក្នុងការប្រមាញ់រូបភាពខ្លាំងណាស់ ដោយសារឃើញលោកយិន ង្គិច ជាឪពុក មកបាំង និងអមដំណើរកូនស្រីដើរចូលតុលាការ ដោយអះអាងថា កូនស្រីនោះមានសុខភាព មិនសូវមាំទាំ ហាក់មានអារម្មណ៍ភ័យខ្លាច។ យ៉ាងណា សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដ៏ក្តៅគគុកមួយនេះ បានចូលដល់ដៃលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើង នៅតាមបណ្តោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដោយរថយន្តទំនើប ម៉ាក Range Rover ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បើកក្នុងល្បឿនយ៉ាងលឿនដូចហោះ រួចក៏ជ្រុលទៅបុកនារីរងគ្រោះជានិស្សិតនៅសាលាផារ៉ាហ្គន ខណៈនាងកំពុងបើកម៉ូតូ បណ្តាលឱ្យទាំងម៉ូតូនិងមនុស្សប៉ើងដូចសំឡីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ករណីនេះ ត្រូវគេបានទម្លាយតាមរយៈវីដេអូសុវត្ថិភាពមួយ នៅក្បែរកន្លែងកើតហេតុ ដែលមើលទៅកើតឡើងយ៉ាងរន្ធត់ នាំឱ្យម្នាក់ៗប្រកាសថ្កោលទោសខ្លាំងៗ និងសុំឱ្យសមត្ថកិច្ចតាមចាប់ជនបង្កឱ្យបាន។

យុវតីរងគ្រោះមានឈ្មោះឌុំ រីដា អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលត្រូវឪពុកម្តាយរបស់នាងបានប្រាប់ថា ជាសិស្សពូកែទូទាំងប្រទេសម្នាក់ ខាងអក្សរសាស្ត្រខ្មែរ រហូតទទួលបានអាហារូបករណ៍នៅសាលាផារ៉ាហ្គន តែម្តង។ ចំណែកអ្នកបើកបររថយន្តបង្កម៉ាក Range Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 មានឈ្មោះយិន ម៉ាណា អាយុ២០ឆ្នាំ ជាកូនស្រីថៅកែសណ្ឋាគារប្រេមអិចប្រេសអង្គរ នៅខេត្តសៀមរាប មានឪពុកឈ្មោះយិន ង្គិច ជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប។ ដោយឡែក រថយន្តបង្កខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រទះឃើញនៅតាមបណ្តោយផ្លូវសឡា (៣៧១) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីកណ្តាលរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ហើយក៏ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។

ជុំវិញករណីគ្រោះថ្នាក់បណ្តាលឱ្យបាត់បង់ជីវិតយុវតី ឌុំ រីដា ខាងលើនេះ មហាជនបានសម្តែងនូវអារម្មណ៍ក្តុកក្តួល និងអាណិតអាសូរដល់យុវតីរងគ្រោះយ៉ាងខ្លាំង និងបានចាត់ទុកមរណភាពរបស់យុវតីរូបនេះ គឺជាការបាត់បង់ធនធានមនុស្សមួយរូប ដែលប្រឹងប្រែងរៀនសូត្រ និងជាការបំផ្លាញក្តីរំពឹងរបស់ក្រុមគ្រួសារជនរងគ្រោះផងដែរ៕