ខេត្តកំពង់ស្ពឺ ៖ យុវតីម្នាក់បាននាំក្មេងប្រុសស្រី៣នាក់ទៀត រស់នៅភូមិជាមួយគ្នា ចេញទៅបេះផ្លែព្រីងនៅក្បែរផ្ទះ លុះក្រោយមក ក៏ស្រាប់តែមេឃងងឹតរកកល់ចង់ធ្លាក់ភ្លៀង និងលាយឡំដោយផ្គររន្ទះផង ស្រាប់តែអកុសល រន្ទះបានបាញ់បណ្តាលឱ្យយុវតីរងគ្រោះស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកក្មេងប្រុសស្រី៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល។

ករណីបាតុភូតគ្រោះធម្មជាតិរន្ទះបាញ់ បណ្តាលឱ្យយុវតីម្នាក់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិស្លាបលែង ឃុំស្វាយរំពា ស្រុកបសេដ្ឋ។

យុវតីរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះអៀង ស្រីណាវ អាយុ១៩ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេង ប្រុសស្រី៣នាក់ផ្សេងទៀត ដែលរងរបួសធ្ងន់ស្រាល រួមមាន ទី១-ឈ្មោះអឹម ស្រីណា ភេទស្រី អាយុ១៣ឆ្នាំ (រងរបួសធ្ងន់) ទី២-ឈ្មោះឡឹម ទី ភេទប្រុស អាយុ៦ឆ្នាំ (រងរបួសស្រាល) និងទី៣-ឈ្មោះឡឹម ស្វិត ភេទប្រុស អាយុ៦ឆ្នាំ (រងរបួសស្រាល)។ ក្មេងស្រីទាំង៣នាក់ មានលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ ជាមួយយុវតីរងគ្រោះដែលបាត់បង់ជីវិតផងដែរ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវតីរងគ្រោះ រួមនឹងក្មេងប្រុសស្រីទាំង៣នាក់ខាងលើ បាននាំគ្នាដើរចេញពីផ្ទះ ទៅបេះផ្លែព្រីងនៅចំណុចទីទួលខាងជើងផ្ទះ ចម្ងាយពីភូមិប្រមាណ៧០០ម៉ែត្រ។ លុះពេលកំពុងឡើងបេះផ្លែព្រីង ក៏ស្រាប់តែមេឃបានចាប់ផ្តើមងងឹត ចង់ធ្លាក់ភ្លៀង ហើយស្របពេលនោះ ក៏មានខ្យល់បោកបក់ និងផ្លេកបន្ទោរឆ្វាត់ឆ្វែងផងដែរ ហើយរំពេចនោះ ក៏លាន់ឮសំឡេងរន្ទះយ៉ាងកក្រើក និងធ្វើឱ្យក្មេងស្រីរងគ្រោះបានដួលទៅនឹងដីស្តូកស្តឹង ចំណែកក្មេងប្រុសស្រី៣នាក់ទៀត ដែលនៅក្បែរៗគ្នានោះ បានរងរបួសធ្ងន់ស្រាល និងធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ក្រុមគ្រួសារ និងអ្នកភូមិ នាំគ្នារត់ទៅចោមរោមមើល ទើបដឹងថា យុវតីរងគ្រោះបានស្លាប់បាត់ទៅហើយ ចំណែកក្មេងប្រុសស្រីទាំង៣នាក់ រងរបួសធ្ងន់ស្រាល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសពយុវតីរងគ្រោះ រួចបញ្ជាក់ថា យុវតីរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។
សាកសពខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕