Sunday, November 16, 2025
Homeព័ត៌មានជាតិបង្គាចាក់ចាហួយ ថ្ងៃមុនរកឃើញជាង៤០គីឡូ ថ្ងៃនេះរកឃើញ៨០គីឡូទៀត

បង្គាចាក់ចាហួយ ថ្ងៃមុនរកឃើញជាង៤០គីឡូ ថ្ងៃនេះរកឃើញ៨០គីឡូទៀត

ខេត្តព្រះសីហនុ៖ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់នៅផ្សារលើ ជាលទ្ធផល បានរកឃើញបង្គាមានចាក់បញ្ចូលសារធាតុចាហួយ ចំនួន៨០គីឡូក្រាម ហើយបានធ្វើកិច្ចសន្យាជាមួយអាជីវករ និងបានយកទៅដុតចោលភ្លាមៗផងដែរ។

ការចុះត្រួតពិនិត្យ និងផ្សព្វផ្សាតនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅផ្សារលើ ផ្សារទំនប់រលក ដេប៉ូចែកចាយគ្រឿងសមុទ្រស្រស់ និងផ្សារក្តាមខ្មែរ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា កាចុះត្រួតពិនិត្យនិងផ្សព្វផ្សាយនេះ ក្នុងគោលបំណង ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

មន្ត្រីដដែលបានបន្តថា នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះដែរ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋម រួមមាន បង្គា មឹកស្រស់ បបែល អយស្ទ័រ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ ផលិតផលម្ហូបអាហារផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញបង្គា មានចាក់បញ្ចូលសារធាតុស្រដៀងចាហួយ នៅតូបលេខ៨២៦ ចំនួន៨០គីឡូក្រាម។ បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោល និងបានឱ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការលក់ម្អូបអាហារមិនប្រក្រតីបន្តទៀត។

មន្រ្តីជំនាញក៏បានធ្វើការណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

RELATED ARTICLES