ខេត្តឧត្តរមានជ័យ ៖ យុវជនឈាមរាវម្នាក់ ព្រោះតែខឹងនឹងម្តាយស្តីបន្ទោសតិចតួច ក៏មួម៉ៅក្តៅចិត្តបញ្ចោញកំហឹងដោយវាយម៉ូតូ បណ្តាលឱ្យរងការខូចខាតអស់ចំនួន២គ្រឿង ទីបំផុត ក៏ត្រូវម្តាយប្តឹងសមត្ថកិច្ចចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៣២រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង។
យុវជនដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរត្ន័ ណាក់ អាយុ២១ឆ្នាំ រស់នៅភូមិជាំ ឃុំត្រពាំងប្រិ៍យ ស្រុកអន្លង់វែង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើត្រូវម្តាយស្តីបន្ទោសតិចតួច ក៏ស្រាប់តែផ្ទុះកំហឹងទាញដំបងវាយបំផ្លាញម៉ូតូ ធ្វើឱ្យរងការខូចខាតអស់ចំនួន២គ្រឿង (ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ទាំង២គ្រឿង)។ ដោយសារតែទ្រាំនឹងទង្វើដ៏កោងកាចរបស់កូនប្រុសតទៅទៀតលែងបាន ទើបស្ត្រីជាម្តាយសម្រេចចិត្តប្តឹងសមត្ថកិច្ចឱ្យចុះជួយអន្តរាគមន៍ ឃាត់ខ្លួនកូនប្រុសកំណាចរូបនេះ យកទៅចាត់ការតាមច្បាប់។

ក្រោយកើតហេតុ កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍ជាំ ចំនួន៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ស្រឿប ស្រឹត នាយប៉ុស្តិ៍ជាំ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងប្រិយ៍ចំនួន២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ញឹម គឹមអាន មន្ត្រីប៉ុស្តិ៍ បានចុះឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរ។
បច្ចុប្បន្ន ជនបង្កត្រូវបានកម្លាំងរបស់នគរបាលវរសេនាតូចការពារព្រំដែនគោក លេខ៩០៥ បានប្រគល់ទៅឱ្យកម្លាំងអធិការស្រុកអន្លង់ វែងចាត់ការបន្តតាមនីតិវិធិី។/