សៀមរាប ៖ នារីវ័យក្មេងម្នាក់បានឈ្លោះប្រកែកគ្នាជាមួយបុរសជាគូដណ្តឹង តែពុំដឹងថាមានរឿងអ្វីនោះទេ ទើបនាងសម្រេចចិត្តចងកសម្លាប់នៅក្នុងបន្ទប់គេងរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលបែបនេះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង២០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ភូមិភ្នៅ សង្កាត់សំបួរ ក្រុងសៀមរាប។

នារីវ័យក្មេងគិតខ្លីចងសម្លាប់ខ្លួនឯងនេះ មានឈ្មោះ សុខ វិច្ឆិកា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្ន ភូមិភ្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះនៅក្នុងបន្ទប់គេងរបស់ខ្លួន ហើយក៏បានឮសំឡេងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយបុរសជាគូដណ្តឹង។ បន្តិចក្រោយមក ក៏បានស្ងប់ស្ងាត់ទៅវិញ លុះបាត់យូរៗទៅ មិនឃើញនាងចេញមកក្រៅ ក៏បានបើកទ្វារចូលទៅមើល ស្រាប់តែឃើញនាងបានចងកជាប់ចម្រឹងបង្អួចបាត់ទៅហើយ បន្ទាប់មកក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍។

សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយបានធ្វើការពិនិត្យ និងកោសល្យវិច័យសាកសព ដោយបានបញ្ជាក់ថា នារីរងគ្រោះបានចងកនឹងកន្សែងពណ៌សាច់ ចងជាប់នឹងចម្រឹងបង្អួច ដែលមានកម្ពស់ប្រហែល២ម៉ែត្រ សាកសពពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសឡើយ។ រួចសមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុដែលនារីរងគ្រោះចងកសម្លាប់ខ្លួននេះ ដោយសារមានទំនាស់ពាក្យសម្ដីជាមួយគូដណ្តឹង។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សាកសពនារីគ្រោះ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
