ភ្នំពេញ៖ នៅរសៀលម៉ោងប្រមាណ១៤និង០០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ ជនបង្កដែលបានបាញ់នារីម្នាក់បាក់ភ្លៅក្នុងក្លឹបកម្សាន្តរលុចសារីនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ។

តាមសមត្ថកិច្ចបានឲ្យដឹងថា តាមការរៀបរាប់របស់ភាគីខាងរងគ្រោះ ក៏ដូចជាចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះវីន សុក្របញ្ញា បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុនោះ ភាគីនារីរងគ្រោះមានគ្នា០៩នាក់ (ប្រុស០៥ ស្រី០៤) បានអង្គុយផឹកក្នុងក្លឹបលុចសារី ស្រាប់តែក្រោយមក ជនសង្ស័យនិងមិត្តភក្តិម្នាក់ទៀត បានចូលមកផឹកស្រាក្នុងក្លឹបនោះដែរ ប៉ុន្តែអង្គុយផឹកនៅតុផ្សេង និងបានដើរមកជល់កែវជាមួយក្រុមភាគីនារីរងគ្រោះ ព្រោះជនសង្ស័យស្គាល់នារីម្នាក់ក្នុងក្រុមនោះ ដោយប្រាប់ថា ជាប្អូនស្រីស្គាល់គ្នាយូរហើយ ក្នុងនោះមានបុរសម្នាក់ខាងនារីរងគ្រោះ មិនបានលើកកែវជល់ស្វាគមន៍វិញទេ ហើយជនសង្ស័យក៏ត្រឡប់ទៅតុគេវិញ។

សមត្ថកិច្ចបានបន្តថា បន្ទាប់មក ជនសង្ស័យនិងភាគីនារីរងគ្រោះបានទៅបន្ទប់ទឹក បានមុខជួបគ្នា ក៏បង្កឲ្យមានការទំនាស់ពាក្យសម្តី និងប្រតាយប្រតប់គ្នា រហូតឈានដល់ការផ្ទុះអាវុធ បណ្តាលឲ្យផ្លាតត្រូវនារីរងគ្រោះរងរបួសភ្លៅតែម្តង។

គួរបញ្ជាក់ថា ស្ត្រីម្នាក់ត្រូវបានក្រុមជនសង្ស័យ២នាក់ ដកកាំភ្លើងបាញ់ បណ្តាលឱ្យរងរបួសធ្ងន់ធ្លាយភ្លៅ សង្ស័យផ្តើមចេញពីរឿងប្រចណ្ឌ ដែលករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងក្លឹបលុច្សសារី ផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះ វីន សុក្របញ្ញា អាយុ២៧ឆ្នាំ។ ចំណែកនារីរងគ្រោះឈ្មោះនឹម លីណា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានលំនៅផ្ទះលេខ៥៣ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រងរបួសចំភ្លៅខាងស្តាំចំនួន១គ្រាប់៕

