Sunday, November 16, 2025
Homeព័ត៌មានជាតិប្រពន្ធកូនខ្ចី ប្តីវ៉ៃច្របាច់ក បោកដូចកង្កែប

ប្រពន្ធកូនខ្ចី ប្តីវ៉ៃច្របាច់ក បោកដូចកង្កែប

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ទើបនឹងសម្រាលកូនខ្ចីបាន១ខែ ក៏សុំលុយប្តីទៅកាត់ថ្នេរ (ដេរវះ កាត់សម្រាល) តែប្តីមិនឱ្យ ក៏កើតមានជម្លោះពាក្យសម្តី និងឈានដល់ការប្រតាយប្រតប់គ្នា រហូតដល់បុរសជាប្តីផ្ទុះកំហឹង ក៏ស្ទុះមកចាប់ច្របាច់ក ទះមុខផង ចាប់បោកដូចកង្កែបផង បណ្តាលឱ្យរងរបួសជាំពេញខ្លួន ទើបកើតទុក្ខមិនសុខចិត្ត ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនប្តីកំណាច យកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីវ៉ៃប្រពន្ធទើបសម្រាលកូនខ្ចី បណ្តាលឱ្យជាំមុខមាត់រួច ចាប់បោកដូចកង្កែបនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ។

ស្ត្រីរងគ្រោះជាប្រពន្ធ ដែលត្រូវប្តីវ៉ៃដំយ៉ាងចាស់ដៃ មានឈ្មោះស ស្រីនុច អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកជនសង្ស័យជាប្តី មានឈ្មោះនៅ សុគន្ធ អាយុ៣៣ឆ្នាំ មុខរបរកសិករ (មានសារធាតុញៀននៅក្នុងទឹកនោម)។ ប្តីប្រពន្ធអ្នកទាំងពីរខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធដែលទើបតែសម្រាលកូនបានរយៈពេល១ខែ បានសុំលុយប្តីរបស់ខ្លួនចំនួន៥ម៉ឺនរៀល ដើម្បីយកទៅកាត់ថ្នេរដែលដេរពេលសម្រាលកូនរួច ខណៈពេលនោះ បានទាស់ពាក្យសម្តីឈ្លោះប្រកែកគ្នា ដោយប្តីនិយាយថា ចាំ៣-៤ថ្ងៃទៀតទៅ ចាំទៅកាត់ថ្នេរ ភ្លាមនោះស្ត្រីរងគ្រោះខឹង ក៏បានយកទូរស័ព្ទបម្រុងតេទៅប្រាប់ម្តាយ ប៉ុន្តែជនសង្ស័យជាប្តីបានទាញទូរស័ព្ទមិនឱ្យតេ ទើបស្ត្រីរងគ្រោះបានស្ទុះទៅយកកូនកាបិតចុងស្រួច ដើម្បីចាក់ខ្លួនឯង ភ្លាមនោះប្តីក៏បានឃាត់ ទន្ទឹមពេលនោះ ជនរងគ្រោះបាននិយាយឱ្យប្តីថា “ឯងធ្លាប់ជក់ម៉ា”។ ចំណែកប្តីបានតបទៅប្រពន្ធវិញថា “ឯងក៏ធ្លាប់ផិតប្តីដែរ” ខណៈនោះជនសង្ស័យជាប្តី បានស្ទុះទៅច្របាច់កជនរងគ្រោះជាប្រពន្ធ និងទះចំមុខប្រពន្ធចំនួន០២ដៃ បណ្តាលឱ្យជាំច្រមុះ មិនតែប៉ុណ្ណោះ ជនសង្ស័យបានចាប់កដៃប្រពន្ធបោកទៅនឹងដី បណ្តាលរបួសហើមកដៃខាងឆ្វេង របួសថ្ងាស និងក្បាល។

លុះមកដល់វេលាម៉ោង៨និង២៥នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះជាប្រពន្ធក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលជ្រៃលាស់។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងផ្នែកជំនាញ ចុះឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ កសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES