រតនគិរី៖ យុវជនម្នាក់បានខូចចិត្តដោយសារជួបវិបត្តិស្នេហា ក៏បានយកប្រាប់ម្តាយឪពុកផងដែរ តែម្តាយឪពុកមិនចាប់អារម្មណ៍ លុះដល់ព្រឹកឡើង បាត់កូនមិនឃើញ ក៏បានដើររកក៏ប្រទះឃើញកូនប្រុសចងកសម្លាប់ខ្លួន នៅក្រោមស្វាយចន្ទីបាត់ទៅហើយ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ នៅចំណុចក្រោយផ្ទះលោកលឹម គក់ ស្ថិតក្នុងភូមិសាយ៉ស់ (លើ) ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។
យុវជនរងគ្រោះ មានឈ្មោះ លឹម ណាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីឪពុកម្តាយជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល៣និង០០នាទីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ កូនប្រុសរបស់គាត់មានសភាពស្រងូតស្រងាត់ខុសពីសព្វដង ហើយបានប្រាប់ពួកគាត់ថា មានវិបត្តិស្នេហា ហើយចង់ធ្វើអត្តឃាតខ្លួនឯង។ ក្រោយពីនិយាយចប់ កូនប្រុសរបស់គាត់ក៏បានដើរចេញទៅក្រោយផ្ទះបាត់ទៅ លុះដល់វេលាយប់ ពួកគាត់មិនឃើញកូនប្រុសនៅផ្ទះនោះទេ ក៏កើតមានការសង្ស័យ នាំគ្នាដើររក តែរកមិនឃើញនោះឡើយ។

ប្រភពដដែលបានបន្តថា លុះមកដល់ម៉ោងប្រហែល៦និង៣០នាទីព្រឹក ពួកគាត់បានបន្តដើររកកូនប្រុសម្តងទៀត ស្រាប់តែឃើញកូនបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្រោមដើមស្វាយចន្ទីក្រោយផ្ទះ ស្លាប់បាត់ទៅហើយ ពេលនោះធ្វើឲ្យពួកគាត់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានរាយការណ៍ប្រាប់សមត្ថកិច្ចផងដែរ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកលំផាត់ បានចុះត្រួតពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យសាកសព ហើយបានធ្វើការសន្និដ្ឋានថា យុវជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន។
បន្ទាប់ពីធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕