ខេត្តកណ្តាល ៖ ប្តីប្រពន្ធវ័យចំណាស់១គូ បានជិះម៉ូតូដឹកគ្នាស្កាត់ពីស្រុកកំណើតបំណងលេងកូននៅបន្ទប់ជួល លុះទៅដល់មិនបានជួបកូន ជួបតែចៅ ស្រាប់តែពេលដែលទាញម៉ូតូបម្រុងជិះចេញមកផ្ទះវិញ ក៏ស្រាប់តែត្រូវបុរសម្នាក់ ដែលស្នាក់នៅក្បែរបន្ទប់ជួលកូនប្រុស ទាញពូថៅស្ទុះមកកាប់បុរសចំណាស់ទាំងកំរោល បណ្តាលឱ្យរយះដៃរងរបួសធ្ងន់ ដោយចោទថា បុរសរងគ្រោះចេះតែសម្លឹងមុខខ្លួនញយដងពេក។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល១កន្លែង ស្ថិតក្នុងភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល។

បុរសរងគ្រោះមានឈ្មោះអ៊ឹម ឆុន អាយុ ៦០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិរការអា ឃុំរការអា ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកជនសង្ស័យមានឈ្មោះយឹម ណារិន អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកណ្តាល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើត ជនរងគ្រោះឈ្មោះ អ៊ឹម ឆុន និងប្រពន្ធឈ្មោះសុន រស់ បាននាំគ្នាមកលេងកូន ដែលជួលផ្ទះនៅចំណុចកើតហេតុខាងលើ លុះពេលមកដល់ មិនបានជួបកូនទេ ជួបតែចៅ។ បន្ទាប់មក ជនរងគ្រោះនិងប្រពន្ធបានអង្គុយលេងជាមួយចៅមួយសន្ទុះ ក៏បានប្រាប់ចៅថា ទៅជម្ពូវ័ន ហើយហួសទៅផ្ទះវិញ។ លុះពេលដែលជនរងគ្រោះទាញអូសម៉ូតូ ប្រុងឡើងជិះឌុបប្រពន្ធចេញទៅវិញ ស្រាប់តែជនសង្ស័យដែលមានឈ្មោះខាងលើ បានយកពូថៅដៃកាប់ជនរងគ្រោះត្រូវដៃខាងឆ្វេង (របួសសាច់ដុំដៃ ខាងឆ្វេង១កន្លែង ដេរ៣៣ថ្នេរ) ពេលនោះ ជនរងគ្រោះបានផ្តួលម៉ូតូរត់ចេញពីកន្លែងកើតហេតុឱ្យគេជួយ ចំណែកជនសង្ស័យក៏បានតាមពីក្រោយ បម្រុងកាប់ជនរងគ្រោះថែមទៀត ប៉ុន្តែភ្លាមនោះ កម្លាំងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ជួយអន្តរាគមន៍ទាន់ពេល ដោយឃាត់ខ្លួនជនសង្ស័យបាន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះ និងពូថៅដៃមែន មូលហេតុខឹងនិងជនរងគ្រោះ ដែលចេះតែសម្លឹងមើលមុខខ្លួនញយដងពេក។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកជនរងគ្រោះត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ៕