ខេត្តសៀមរាប ៖ យុវជនម្នាក់បានកើតមានជំងឺប្រចាំកាយជាយូរមកហើយ លុះដោយសារតែស្ថានភាពជំងឺចេះតែធ្វើទុក្ខខ្លាំងពេក រហូតដល់ទ្រាំលែងបាន ក៏សម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិត ដោយបានបន្សល់ទុកបណ្តាំរៀបរាប់ពីស្ថានភាពជំងឺខ្លួនផង ផ្តាំលាម្តាយផង ពិសេសប្រាប់ឱ្យម្តាយជួយបង់ថ្លៃរៀនគួរ ដែលខ្លួនមិនទាន់បានបង់ឱ្យគ្រូទៀតផង។
ករណីយុវជនចងកសម្លាប់ខ្លួនខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចខាងជើងផ្ទះជនរងគ្រោះ ចម្ងាយប្រមាណ១៥ម៉ែត្រ ស្ថិតក្នុងក្រុមទី៣ ភូមិប្រម៉ា សង្កាត់ក្របីរៀល ក្រុងសៀមរាប។

យុវជនដែលគិតខ្លីចងកសម្លាប់ខ្លួន មានឈ្មោះឆែម តួ អាយុ២១ឆ្នាំ ជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យសម្តេចឪ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះបានកើតមានជំងឺប្រចាំកាយ (របេងខួរឆ្អឹង) ជាច្រើនខែមក ហើយពេលដែលស្ថានភាពជំងឺនេះធ្វើទុក្ខម្តងៗ ជនរងគ្រោះចេះតែវង្វេងវង្វាន់ និងស្រែកត្អូញថា ឈឺក្បាលៗចង់បែក។ កន្លងមក ជនរងគ្រោះក៏ធ្លាប់បានព្រលយពាក្យសម្តីចង់គិតខ្លីដែរ តែត្រូវមិត្តភក្តិ សាច់ញាតិ ក្រុមគ្រួសារ ព្យាយាមជួយពន្យល់ណែនាំ លួងលោមកុំឱ្យគិតខ្លី និងត្រូវតែព្យាយាមជំនះជំងឺ១នេះឱ្យបាន ប៉ុន្តែមិននឹកស្មានថា ជនរងគ្រោះមិនអាចទ្រាំទ្របាន ក៏ដាច់ចិត្តជ្រើសយកផ្លូវ១នេះសោះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះបាត់ ដោយមិនដឹងថាទៅណានោះទេ លុះក្រោយពីបាត់យូរ មិនឃើញត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារក៏នាំគ្នាដើរតាមរក ស្រាប់តែពេលដើរទៅរកនៅចំណុចខាងជើងផ្ទះ ប្រមាណ១៥ម៉ែត្រ ត្រង់ដើមស្នាយ ស្រាប់តែប្រទះឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួននៅលើដើមស្នាយនោះ ស្លាប់បាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោដល់អ្នកភូមិ នាំគ្នាជួយស្រាយចំណងដាក់ជនរងគ្រោះចុះក្រោយ បំណងជួយសង្គ្រោះដែរ តែអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចក្រុងសៀមរាប សហការជាមួយកម្លាំងជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើក្រមាពណ៌ក្រហមលាយស ចងកនៅលើដើមស្នាយ កម្ពស់២,១០ម៉ែត្រ បណ្តាលឱ្យស្លាប់។
ដោយឡែក នៅលើខ្លួនសាកសព សមត្ថកិច្ចបានរកឃើញលិខិតបណ្តាំ១ច្បាប់ ដែលជនរងគ្រោះសរសេរទុករៀបរាប់ពីស្ថានភាពជំងឺរបស់ខ្លួន ពិសេសថែមទាំងបានផ្តាំឱ្យម្តាយបង់លុយរៀនគួរអោយរូបគេទៀតផង។

លិខិតបណ្តាំរបស់យុវជនរងគ្រោះខាងលើ មានខ្លឹមសារទាំងស្រុងថា “អ្នកម៉ែអើយ កូនទ្រាំនឹងជំងឺរបស់កូនលែងបានហើយ ពេលវាធ្វើទុក្ខកូនម្តងៗ វាពិបាកទ្រាំណាស់ វង្វេងម្តងៗ ក្បាលកូនចង់បែកហើយ។ ហើយកូនសម្រេចចិត្តធ្វើបែបនេះ គឺមិនចង់ឱ្យម៉ែពិបាកដោយសារកូនទៀតទេ ព្រោះមើលទៅ បើព្យាបាលក៏វាអស់ច្រើន ឱ្យកូនសុំទោស អ្នកម្តាយដែលមិនបានសងគុណអ្នកម្តាយនៅជាតិនេះ បើមានជាតិក្រោយ សូមកូនកើតជាកូនម៉ែ ហើយនិងសងអ្នកម្តាយ។ ម៉ែមើលថែយាយ កុំឱ្យគាត់ពិបាកចិត្ត កូនស្រលាញ់អ្នកគ្រប់គ្នា ម៉ែយកលុយបង់គួរឱ្យកូនផង…”។
សាកសពយុវជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕