អ្នកមេម៉ាយកែវ ពេជ្រពិសី បានអះអាងថា នាងបានចោលការថតកុនពី៥ទៅ៦រឿង ហើយក្នុងរយៈពេលនៃការបាត់មុខពីសកម្មភាពសិល្បៈនេះ ព្រោះតែមានផលិតកម្មខ្លះចង់យកនាងទៅធ្វើជាតួអមៗតារាចម្រៀងរបស់គេ និងខ្លះទៀតឱ្យធ្វើជាម្តាយ។

កែវ ពេជ្រពិសី អះអាងថា “មានគេទាក់ទងឱ្យថតកុនវិញដែរបង ! តែខ្ញុំមិនអាចលេងបានទេ ព្រោះតែផលិតកម្មខ្លះ គាត់មិនបានមើលឃើញពីសមត្ថភាព និងការតស៊ូក្នុងសិល្បៈរបស់យើង ជាង១០ឆ្នាំហ្នឹងហើយទេ គាត់ចង់ឱ្យយើងលេងអមផលិតកម្មរបស់គាត់ ឬធ្វើជាតួម្តាយ។ ខ្ញុំទើបតែអាយុជាង៣០ឆ្នាំទេ តែបើឱ្យខ្ញុំលេងតួម្តាយ គឺមិនអាចធ្វើបានទេ មិនមែនខ្ញុំមិនធ្លាប់លេងតួម្តាយទេ ខ្ញុំធ្លាប់តែបើឱ្យលេងតួម្តាយរហូតអី យើងទទួលយកមិនបាន។ ខ្ញុំសួរបងឯងវិញថា បងអាយុប៉ុណ្ណឹង បើគេឱ្យបងឯងលេងតួឪអី បងព្រមថតទេ ? ខ្ញុំយល់ថា ផលិតករដែលចង់ហៅខ្ញុំថតហ្នឹង គួរតែមានរឿងណាដែលសមរម្យឱ្យខ្ញុំលេងដែរ ព្រោះអីតាំងពីថតកុនមក ខ្ញុំមិនដែលលេងតួរងសោះ”។

កែវ ពេជ្រពិសី បន្ថែមទៀតថា មូលហេតុដែលនាងមិនទាន់ចេញមុខក្នុងការថតសម្តែងឡើងវិញនោះ ក៏ដោយសារតែផលិតកម្មក្រៅស្រុកមួយចំនួនធ្លាប់ថត MV បានបិទទ្វារអស់ទៅហើយ នៅសល់តែផលិតកម្មក្នុងស្រុកមួយចំនួនប៉ុណ្ណោះ ដែលដំណើរការ។

ប៉ុន្តែ ពិសី អះអាងថា នាងនៅតែស្រលាញ់អាជីពសិល្បៈ គ្រាន់តែជាគោលការណ៍របស់នាង គឺសិល្បៈជាជំហានទី២ ចំណែកការរកស៊ីជាជំហានទី១ ហេតុនេះហើយបានជានាងចង់ពង្រឹងទៅលើហាងសម្អាងការឱ្យដំណើរការល្អសិន សំខាន់ជាងការថតសម្តែង។

កែវ ពេជ្រពិសី បានធ្លាក់ខ្លួនមេម៉ាយ ជាង៨ឆ្នាំមកហើយ ក្រោយពីនាងបានលែងលះអតីតប្តីអាណិកជនខ្មែរ នៅអូស្ត្រាលី កាលពីឆ្នាំ២០១០ បន្ទាប់ពីរៀបការមិនបាន១ខែផង ក៏កើតជម្លោះដោយចម្រូងចម្រាស។ យ៉ាងណា ពិសី ថា ពេលនេះ នាងមិនទាន់មានម្ចាស់ស្នេហ៍ថ្មីទេ គឺមានតែប្រុសអាណិកជនខ្មែរនៅក្រៅប្រទេសតាមស្នេហ៍ តែនាងមិនហ៊ានប្រថុយ ព្រោះខ្លាចជួបរឿងខកចិត្តជាលើកទី២៕


