Sunday, November 16, 2025
Homeព័ត៌មានជាតិហៅចូលប៉ុស្តិ៍សម្របសម្រួល ចេញមកវិញ ប្រុសវ៉ៃស្រីពកក្បាល ខឹងសុំបែក

ហៅចូលប៉ុស្តិ៍សម្របសម្រួល ចេញមកវិញ ប្រុសវ៉ៃស្រីពកក្បាល ខឹងសុំបែក

ភ្នំពេញ ៖ គូស្នេហ៍១គូ រួមរស់នឹងគ្នាមិនចុះសម្រុង រហូតឈានដល់ប្រើអំពើហិង្សាជាញឹកញាប់ ដល់ពេលខាងស្រីទ្រាំលែងបាន ក៏សុំបែកចែកផ្លូវគ្នា ខាងប្រុសមិនព្រម បានស្ទាក់វាយពកក្បាលទើបធ្វើឱ្យខាងស្រីកើតទុក្ខមិនសុខចិត្ត ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

ហេតុការណ៍អំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចម្តុំផ្សារដើមគរ ក្នុងខណ្ឌទួលគោក។

ស្ត្រីរងគ្រោះមានឈ្មោះដុក គឹមឌឿ អាយុ៣១ឆ្នាំ មុខរបរជាអ្នកលក់នំទ្រៀប មានកូនចំនួន៣នាក់ ស្នាក់នៅផ្ទះជួលម្តុំផ្សារដើមគរ ក្នុងខណ្ឌទួលគោក។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងនិងសង្សារ ធ្លាប់មានទំនាក់ទំនងស្នេហារួមរស់ជាមួយគ្នាមួយរយៈមកហើយ តែមិនបានរៀបការនោះទេ។ ពេលរួមរស់ជុំគ្នានោះ ជនបង្កចេះតែរករឿងឈ្លោះប្រកែក និងវាយធ្វើបាបនាងជាញឹកញាប់ រហូតដល់នាងទ្រាំលែងបាន ក៏សម្រេចចិត្តសុំបែកចែកផ្លូវគ្នា រស់នៅរៀងខ្លួនអស់រយៈពេលជាង១ខែមកហើយ ប៉ុន្តែខាងប្រុស មិនបានចេញទៅរស់នៅឯណាឆ្ងាយនោះទេ ពោលគឺបានជួលបន្ទប់ស្នាក់នៅជាប់នឹងផ្ទះជួលរបស់នាង ដោយមានរបងជាប់គ្នាតែម្តង។

ស្ត្រីរងគ្រោះបន្តថា ក្រោយពីបែកគ្នាជាង១ខែមកនេះ ខាងប្រុសចេះតែតាមរករឿង ចងពៀរនាងមិនឈប់ឡើយ ពេលខ្លះ ជនបង្កបានផ្លោះរបងផ្ទះជួល ចូលមករករឿងវាយដំនាង ជួនវាយគោះជញ្ជាំងបន្ទប់នាងទាំងកណ្តាលយប់ ជួនស្ទាក់វាយនាងនៅកណ្តាលផ្លូវក៏មាន។

ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា ដោយសារតែទ្រាំលែងតទៅទៀត នាងបានប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។ ក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ចមូលដ្ឋានបានកោះហៅនាង និងអតីតសង្សារ ទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលផ្សារដើមគរ កាលពីល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ដោយពេលនោះ សមត្ថកិច្ចបានព្យាយាមសម្របសម្រួល និងធ្វើកិច្ចសន្យាមួយកុំឱ្យជនបង្កមកតាមរករឿងជាមួយនាងទៀត ប៉ុន្តែត្រូវបានជនបង្កបដិសេធ មិនព្រមផ្តិតមេដៃលើកិច្ចសន្យានោះដាច់ខាត និងថែមទាំងហ៊ានស្រែក ដាក់សមត្ថកិច្ចទៀតផង។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា លុះពេលចេញពីប៉ុស្តិ៍ប៉ូលិសវិញ នាងបានដើរសំដៅឡើងម៉ូតូជាមួយបងស្រី បំណងត្រឡប់ទៅផ្ទះវិញ ដោយបងស្រីនាងបានបញ្ឆោះម៉ូតូរួចទៅហើយ លុះគ្រាន់តែនាងឈានឡើងលើម៉ូតូ ក៏ស្រាប់តែត្រូវជនបង្កដែលដើរតាមពីក្រោយនាង ស្ទុះមកចាប់បោចសក់នាងវាយពីក្រោយ រួចវ៉ៃចំថ្ងាសរបស់នាង បណ្តាលឱ្យពកប៉ុនពងមាន់ រងរបួសយ៉ាងដំណំ ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋក្បែរខាង ពិសេស សមត្ថកិច្ចប៉ុស្តិ៍បានចេញមកជួយអន្តរាគមន៍ និងឃាត់ខ្លួនជនបង្កជាអតីតសង្សាររបស់នាង ចូលទៅសួរនាំនៅប៉ុស្តិ៍ម្តងទៀត។

ស្ត្រីរងគ្រោះ បានបន្ថែមថា យ៉ាងណាក្តី សមត្ថកិច្ចនៅតែព្យាយាមសម្របសម្រួល ដោយតម្រូវឱ្យជនបង្កធ្វើកិច្ចសន្យាអប់រំ បើមាន លើកក្រោយទៀតនឹងចាត់ការតាមច្បាប់ តែនាងមិនសុខចិត្ត គឺចង់ឱ្យសមត្ថកិច្ចទទួលពាក្យបណ្តឹងរបស់នាង និងចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES