ខេត្តព្រះសីហនុ ៖ ជនជាឃាតករចិត្តព្រៃផ្សៃ ដែលបានធ្វើសកម្មភាពរំលោភសម្លាប់ក្មេងប្រុសស្រីតូចៗចំនួន២នាក់បងប្អូន និងត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបាន កាលពីថ្ងៃទី០២ មិថុនា នៅឯស្រុកកំណើតក្នុងភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង នោះ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩។ ចំណែកស្ត្រីជាប្រពន្ធត្រូវបានដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីរកឃើញថា មិនមានតម្រុយជាប់ពាក់ព័ន្ធនឹងការសមគំនិតជាមួយជនល្មើសជាប្តី។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់ នៅក្នុងសន្និសីទកាសែតនា រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ មុនពេលបញ្ជូនជនសង្ស័យទៅកាន់តុលាការថា ករណីឃាតកម្មនៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នេះ គឺជាអំពើដ៏ព្រៃផ្សៃ ដោយមានការរំលោភលើអនីតិជន ហើយសម្លាប់អនីតិជនដែលជារឿងនឹកស្មានមិនដល់ និងមិនអាចទប់ស្កាត់មុនបាន ហេតុនេះ ក្នុងនាមសមត្ថកិច្ច ក៏សុំការអធ្យាស្រ័យពីបងប្អូនសាច់ញាតិជនរងគ្រោះផងដែរ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តថា ក្រោយកើតមានអំពើឃាតកម្មដ៏ឃោរឃៅខាងលើ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាគ្រប់ជំនាញពាក់ព័ន្ធ ចុះសហការជាមួយកម្លាំងជំនាញខេត្តព្រះសីហនុ ដើម្បីវិភាគនៅទីតាំងកើតហេតុ និងប្រមែប្រមូលនូវរាល់វត្ថុតាង និងសាក្សី ដើម្បីកំណត់លើបទល្មើស និងជនសង្ស័យ។ លុះកំណត់មុខសញ្ញាបានហើយ កម្លាំងជំនាញពាក់ព័ន្ធបានចុះតាមបង្ក្រាបបានជនសង្ស័យជាឃាតករ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅឯស្រុកមេសាង ខេត្តព្រៃវែង។
លោកឧត្តមសេនីយ៍ស្នងការ បានឱ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបាន មហាជនហាក់មានកំហឹងពុះកញ្ជ្រោលលើជនសង្ស័យដែលមានចិត្តសាហាវឃោរឃៅជាងសត្វតិរច្ឆាន រហូតដល់ចង់កាត់ទោសដោយផ្ទាល់ដៃ (តុលាការប្រជាជន) ទៀតផង ប៉ុន្តែយ៉ាងណា សមត្ថកិច្ចក៏សូមស្នើសុំដល់ប្រជាពលរដ្ឋថា ប្រទេសកម្ពុជា ជានីតិរដ្ឋ អនុវត្តទៅតាមផ្លូវច្បាប់ ខណៈដែលសមត្ថកិច្ចនឹងរៀបចំយ៉ាងលម្អិតបំផុតអំពីនីតិវិធី រួមនិងភ័ស្តុតាងនានា ដើម្បីដាក់បន្ទុកលើជនសង្ស័យ និងបញ្ជូនខ្លួនជនសង្ស័យទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៩។

លោកស្នងការបញ្ជាក់ថា ការឃាត់ខ្លួនជនណាម្នាក់ដែលស្ថិតនៅក្នុងរង្វង់កិច្ចប្រតិបត្តិការ ដែលអាចនាំឱ្យមានតម្រុយ គឺជាសិទ្ធិ និងតួនាទីរបស់នគរបាលយុត្តិធម៌ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាផង ហេតុនេះ សមត្ថកិច្ចអាចមានសិទ្ធិឃាត់ខ្លួនជនសង្ស័យបានចំនួន៤៨ម៉ោង។ ជាក់ស្តែង ករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួន ២នាក់ប្តីប្រពន្ធ ដោយភាគីប្តីជាកំលោះក្មេង បានប្រពន្ធជាស្ត្រីមេម៉ាយកូន៥នាក់ (ប្រុស៣ ស្រី២) និងបាន យកមកធ្វើការស្រាវជ្រាវលម្អិត រហូតរកឃើញថា ស្ត្រីជាប្រពន្ធរបស់ជនសង្ស័យ ពុំបានចូលរួមលាក់បំពួនបទល្មើស ឬសមគំនិត ឬជាសហចារីនោះទេ ព្រោះក្រោយពីការសាកសួរចម្លើយលម្អិត សមត្ថកិច្ចជំនាញបានរកឃើញថា ជនសង្ស័យមិនដែលបានប្រាប់រាល់បទល្មើស ដែលខ្លួនបានប្រព្រឹត្តឱ្យប្រពន្ធបានដឹងនោះទេ ដោយគ្រាន់តែនិយាយថា “មានបញ្ហាកើតឡើង មិនអាចនៅទៀតបានទេ” ពោលគឺជនសង្ស័យជាប្តី មានអំណាចគ្របដណ្តប់លើប្រពន្ធ ចំណែកប្រពន្ធតែងតែសម្របតាមប្តី មិនសូវហ៊ានដេញដោលអ្វីនោះទេ។ យោងទៅលើកត្តាទាំងនោះ ទើបសមត្ថកិច្ចសម្រេចបញ្ជូនខ្លួនតែជនសង្ស័យជាប្តីប៉ុណ្ណោះ ទៅកាន់តុលាការ។ ចំណែកស្ត្រីជាប្រពន្ធដែលមិនមានការជាប់ពាក់ព័ន្ធនឹងបទល្មើស ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ។

ដោយឡែក នៅល្ងាចថ្ងៃទី៤ ខែមិថុនា ២០១៩ លោកហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ សម្រេចចោទប្រកាន់ឃាតករដែលរំលោភសេពសន្ថវៈក្មេងស្រី អាយុ១០ឆ្នាំ រួចបានសម្លាប់ចោលទាំងប្អូនប្រុស អាយុជាង២ឆ្នាំម្នាក់ទៀត ចំនួន២បទល្មើស ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត។
បើតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកលឹម ប៊ុនហេង បានប្រាប់ថា តុលាការបានចោទប្រកាន់ជនសង្ស័យរូបនេះ ពីបទឃាតកម្មដោយមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២០២ ចំណុចទី១ នៃក្រមព្រហ្មទណ្ឌ និងបទឃាតកម្មដោយមានទារុណកម្មអំពើឃោរឃៅ និងរំលោភសេពសន្ថវៈ តាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ ហើយបច្ចុប្បន្នជនត្រូវចោទរូបនេះត្រូវបានបញ្ជូនទៅចៅក្រម សើុបសួរ ដេីម្បីឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្នតាមនីតិវិធី មុននឹងធ្វើការជម្រះក្តីដើម្បីផ្តន្ទាទោស។

គួរបញ្ជាក់ថា ជនសង្ស័យជាឃាតករដែលរំលោភសម្លាប់ក្មេងប្រុសស្រី២នាក់បងប្អូន យ៉ាងសាហាវព្រៃផ្សៃ មានឈ្មោះមាង វិចិត្រ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង មានប្រពន្ធឈ្មោះសំ សូរិយា អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ (ឃាត់ខ្លួនទាំង២នាក់)។ ចំណែកក្មេងប្រុសស្រីរងគ្រោះទាំង២នាក់ រួមមាន ម្នាក់ស្រី ឈ្មោះផា ស្រីលក្ខ័ អាយុ១០ឆ្នាំ និងម្នាក់ទៀត ប្រុសឈ្មោះ ផា សុខលី អាយុជាង២ឆ្នាំ ស្នាក់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

ក្រោយពីធ្វើសកម្មភាពរំលោភសម្លាប់រួច ជនសង្ស័យបាននាំប្រពន្ធលួចចូលស្រុកវិញ កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លុះថ្ងៃទី៣១ ឧសភា សមត្ថកិច្ចក៏បានទៅហៅជនសង្ស័យឱ្យទៅប៉ុស្តិ៍រដ្ឋបាល ដើម្បីសាកសួរ ប៉ុន្តែបាត់មិនឃើញអ្នកទាំង២ ហើយបងប្រុសរបស់គេបានប្រាប់ថា គេទៅវិញអស់ហើយ។ ដោយមិនទាន់ជឿជាក់ទាំងស្រុង ទើបសមត្ថកិច្ចនៅតាមឃ្លាំមើលក្បែៗផ្ទះរបស់គេ អស់រយៈពេល២ថ្ងៃ ទើបដឹងថា ជនសង្ស័យ និងប្រពន្ធ កំពុង លាក់ខ្លួននៅក្នុងផ្ទះអ្នកជិតខាងដែលម្ចាស់មិននៅ ទើបសមត្ថកិច្ចរាយកម្លាំងចូលព័ទ្ធចាប់ជនសង្ស័យ និងប្រពន្ធបាន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩តែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ជាឃាតករមូលហេតុដែលរូបគេប្រព្រឹត្តអំពើ ឃាតកម្មខាងលើ គឺដោយសារតែរូបគេស្រវឹងស្រា ហើយមានសារធាតុថ្នាំញៀននៅក្នុងខ្លួនផង ដោយមុនពេលកើតហេតុ រូបគេបានទៅទិញ ថ្នាំញៀន ពីបុរសម្នាក់ ឈ្មោះសាលា នៅឆ្នេរអូរឈើទាល។ បន្ទាប់មក ក៏ទៅទិញស្រាថ្នាំ យកមកអង្គុយផឹកក្នុងបន្ទប់ជួល។ ពេលផឹកស្រាមិនទាន់អស់ គេក៏ដើរចេញពីក្នុងបន្ទប់ កាត់មុខផ្ទះរបស់ក្មេងស្រីរងគ្រោះ លុះឃើញក្មេងស្រីកំពុងតែលេងម្នាក់ឯង គេក៏ចូលទៅប្រលែងលេងជាមួយ និងលូកស្ទាបប្រដាប់ភេទ ក្មេងស្រីរងគ្រោះ រហូតធ្វើឱ្យគេមានអារម្មណ៍ផ្លូវភេទ ទើបរូបគេបានយកខ្នើយមកខ្ទប់មុខក្មេងស្រីរងគ្រោះ ហើយធ្វើសកម្មភាពចាប់រំលោភ រហូតដល់ក្មេងស្រីរងគ្រោះសន្លប់បាត់ស្មារតី។ ស្រាប់តែក្រោយមក ប្អូនប្រុសរបស់ក្មេងស្រីរងគ្រោះ បានដើរចូលមកដល់ឃើញ ហើយខ្លួនខ្លាចបែកការណ៍ ក៏ស្ទុះទៅទះកំផ្លៀងក្មេងប្រុសនោះ៦ដៃ ហើយទាត់មួយជើងផ្ទប់នឹងជញ្ជាំង បណ្តាលឱ្យក្មេងប្រុសរងគ្រោះស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ។ បន្ទាប់មក រូបគេក៏រត់មកផ្ទះជួលវិញ ហើយបបួលប្រពន្ធរបស់គេទៅស្រុកកំណើតវិញតែម្តង។

គួររំលឹកថា កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើត ឡើងនៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។
តាមសម្តីស្ត្រីជាម្តាយក្មេងប្រុសស្រីរងគ្រោះទាំង២នាក់ បានឱ្យដឹងថា កូនគាត់ទាំង២ នាក់ដែលរងគ្រោះនេះ ម្នាក់ស្រីឈ្មោះផា ស្រីលក្ខ័ អាយុ១០ឆ្នាំ និងម្នាក់ទៀតប្រុសឈ្មោះ ផា សុខលី អាយុជាង២ឆ្នាំ។ ហេតុការណ៍នេះ កើតឡើងពេលដែលមិនមានមនុស្សចាស់ ដោយសារចេញទៅធ្វើការខាងក្រៅអស់ មានតែក្មេងៗនៅក្នុងផ្ទះប៉ុណ្ណោះ។

ចំណែកលោកអ៊ួន ផា ត្រូវជាឪពុកក្មេងរងគ្រោះ បានរៀបរាប់ថា ក្រុមគ្រួសារគាត់ មិនមែនជាអ្នករស់នៅទីតាំងកើតហេតុនេះទេ គឺមានស្រុកកំណើតស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបានមកធ្វើការសំណង់នៅក្បែរកន្លែងកើតហេតុ ទើបតែបានប្រហែលមួយសប្តាហ៍តែប៉ុណ្ណោះ។ ប្រពន្ធគាត់ជាកូនកាំបិតនៅហាងចិន ឯរូបគាត់ធ្វើសំណង់ ដោយស្នាក់នៅផ្ទះជាមួយមេជាងសំណង់ (ផ្ទះកើតហេតុ)។ នៅថ្ងៃកើតហេតុ គាត់បានចេញទៅធ្វើការសំណង់ តាំងពីម៉ោង១រសៀល រហូតម៉ោងប្រហែល២ ជាងប្អូនប្រុសគាត់ដែលនៅក្បែរនោះ បានមកសួរគាត់ថា ថ្ងៃនេះបាត់អាលី និងអាល័ក្ខ (ក្មេងប្រុសស្រីរងគ្រោះ) ទៅណា អត់ឃើញមកលេងផ្ទះ? បន្ទាប់មក ប្អូនប្រុសគាត់ក៏ដើរសំដៅទៅផ្ទះគាត់ ក៏ឃើញកូនគាត់ទាំងពីរនាក់ស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។

ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះនៅ មានដង្ហើមនៅឡើយ និងត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យខេត្ត រួចក៏បន្តមកមន្ទីរ- ពេទ្យរាជធានីភ្នំពេញ ទៀត តែអកុសល ដោយសារតែស្ថានភាពរបួសរបស់ក្មេងស្រីរងគ្រោះ មានសភាពធ្ងន់ខ្លាំងពេក ទើបក្មេងស្រីរងគ្រោះបានដាច់ខ្យល់ស្លាប់នៅលើរថយន្តសង្គ្រោះ នៅវេលាម៉ោង៨យប់ថ្ងៃដដែល៕