ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ បានឈឺពោះសម្រាល ក៏ត្រូវក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនតាមរថយន្តឆ្ពោះទៅកាន់ មន្ទីរពេទ្យ ប៉ុន្តែដោយសារផ្ទះនៅម្ខាងទន្លេ ចាំបាច់ត្រូវឆ្លងសាឡាង លុះគ្រាន់តែសាឡាងមកដល់ពាក់កណ្តាលទន្លេ ក៏ស្រាប់តែស្ត្រីរូបនោះ បានបែកទឹកភ្លោះសម្រាលកូនយ៉ាងងាយស្រួលនៅលើរថយន្តតែម្តង ដោយស្ត្រីជាម្តាយជាអ្នកជួយសម្រាលឱ្យកូនស្រីដោយផ្ទាល់ដៃ។

ហេតុការណ៍ស្ត្រីមានផ្ទៃពោះឈឺពោះសម្រាលលើសាឡាងកណ្តាលទន្លេនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើសាឡាងកណ្តាលទន្លេ ក្នុងភូមិសាស្ត្រស្រុកកំពង់លែង (ឆ្លងពីកំពង់ឆ្នាំងទៅសៀមរាម)។

ស្ត្រីដែលសម្រាលកូននៅលើសាឡាងកណ្តាលទន្លេ មានឈ្មោះចិត្ត សំណាងកនិកា អាយុ២៨ឆ្នាំ មានម្តាយឈ្មោះឡាយ លក្ខិណា ឪពុកឈ្មោះណាត ជាគ្រូលក់ថ្នាំខ្មែរ រស់នៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីមានផ្ទៃពោះគ្រប់ខែខាងលើ និងក្រុមគ្រួសារបាននាំគ្នាធ្វើដំណើរពីខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងទៅសម្រាលកូននៅឯមន្ទីរពេទ្យខេត្តសៀមរាប ខណៈពេលជិះរថយន្តឡើងលើសាឡាង កំពុងតែឆ្លងដល់ពាក់កណ្តាលទន្លេ ក្នុងស្រុកកំពង់លែង ក៏បានឈឺពោះភ្លាមៗសម្រាលកូនតែម្តង ដោយគ្មានឆ្មបជួយបង្កើតនោះទេ គឺបានម្តាយដែលធ្វើដំណើរជាមួយជួយបង្កើតដោយផ្ទាល់ដៃ។

ក្រោយពេលសាឡាងដល់ច្រាំង រថយន្តក៏បាននាំយកស្ត្រីខាងលើ ទៅកាន់មណ្ឌលសុខភាពស្រុកកំពង់លែង ក្រុមគ្រូពេទ្យបានជួយរៀបចំតាមជំនាញ ដោយបានបញ្ជាក់ថា ស្ត្រីរូបនោះមានសុខភាពល្អជាធម្មតាទេ រីឯកូនមានទម្ងន់ជាង ៣គីឡូមានសុខភាពល្អ៕
