ភ្នំពេញ ៖ រថយន្តសណ្តោងកុងតឺន័រ១គ្រឿង មានដឹកដុំដែកទំងន់រាប់តោន បានបើកឡើងស្ពានព្រះមុនីវង្ស ស្រាប់តែដាច់ខ្សែកាបចំណង ធ្វើឱ្យដុំដែករមៀលទៅខាងឆ្វេងដៃ បណ្តាលឱ្យបាក់ជញ្ជាំងដែករថយន្ត ហើយរមៀលធ្លាក់ទៅបុកបង្កាន់ដៃស្ពានបាក់ធ្លាក់ចុះមកក្រោមស្ពានដល់ដី រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើស្ពានព្រះមុនីវង្សចាស់ (ស្ពានច្បារអំពៅ) ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសណ្តោងកុងតឺន័រ១គ្រឿង ក្បាលពណ៌បៃតងខ្ចី ពាក់ស្លាកលេខភ្នំពេញ 3E-3400 ដឹកដុំដែកទម្ងន់រាប់តោន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច លុះបើកឡើងស្ពានព្រះមុនីវង្សចាស់ បានប្រហែលជាង១០ម៉ែត្រ ស្រាប់តែដាច់ខ្សែកាបចំណង ធ្វើឱ្យដុំដែករមៀលទៅខាងឆ្វេងដៃបាក់ជញ្ជាំងដែករថយន្ត ហើយរមៀលធ្លាក់ទៅបុកបង្កាន់ដៃស្ពានបាក់ធ្លាក់ចុះក្រោមស្ពានដល់ដី រងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឱ្យមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកពិនិត្យមើលនិងវាស់វែងជាក់ស្តែង រួចអូសយករថយន្តបង្កទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕
