ខេត្តឧត្តរមានជ័យ ៖ ប្តីប្រពន្ធ១គូ ត្រូវជនសង្ស័យ១ក្រុម ប្រើល្បិចឆបោកដោយទូរស័ព្ទ មកប្រាប់ថា ឈ្នះរង្វាន់ធំដល់ទៅ៣លានដុល្លារ រួមនឹងត្រាក់ទ័រ១គ្រឿងទៀតផង និងបានទាមទារឱ្យប្តីប្រពន្ធខាងលើ បំពេញលក្ខខណ្ឌវេរប្រាក់ឱ្យគេជាមុនមួយចំនួន ដើម្បីរត់ការបើកប្រាក់រង្វាន់។ ទីបំផុត ទាំង២នាក់ប្តីប្រពន្ធប្រឹងដើរខ្ចីបុលគេ វេរទៅឱ្យក្រុមជនឆបោកស្ងាត់ៗ រហូតអស់ទឹកប្រាក់១៨លានរៀល (ប្រមាណ៤៥០០ដុល្លារ) ទើបបែកធ្លាយការពិតថា ចាញ់ល្បិចគេសោះ។

ប្តីប្រពន្ធដែលចាញ់ល្បិចជនឆបោក អស់ប្រាក់ជាង៤៥០០ដុល្លារ ព្រោះតែចង់បាន៣លានដុល្លារ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានលំនៅក្នុងឃុំព្រះត្រពាំង ស្រុកត្រពាំងប្រាសាទ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Srey Soeun បានសរសេរថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ មានរឿងរ៉ាវដ៏គួរឱ្យសោកស្តាយមួយ របស់ប្តីប្រពន្ធ២នាក់ ដែលចាញ់បោកជនមិនស្គាល់មុខ អស់ទឹកប្រាក់ចំនួន១៨លានរៀល ដោយប្រាប់ថា ត្រូវរង្វាន់ធំចំនួន៣លានដុល្លារ ហើយនិងត្រាក់ទ័រ ចំនួន១គ្រឿង ថែមទៀតផង។ ដោយមានការសង្ស័យ ម្ចាស់វីងបានជជីកសួរពីដំណើររឿងហេតុអ្វីបានជាវេរលុយច្រើនដល់ម៉្លឹង? ដំបូងឡើយ ប្តីប្រពន្ធនោះបានព្យាយាមកុហកថា ពួកគាត់ទិញរបស់ប្រើប្រាស់។ លុះបន្ទាប់ពីឃើញវេរលុយក្នុងចំនួនយ៉ាងច្រើន និងច្រើនដងពេក ម្ចាស់វីងក៏ជជីកសួរបន្ថែមទៀត ទើបដឹងថា អ្នកបោកប្រាស់នោះតម្រូវឱ្យវេរលុយមុន៤៥០០ដុល្លារ ដើម្បីរត់ការផ្លូវមុន ទើបបែកធ្លាយថា ជាការបោកប្រាស់។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា “ក្នុងនាមខ្ញុំជាភ្នាក់ងារវីង សុំចូលរួមសោកស្តាយផងចំពោះបងប្រុសនិងបងស្រី គាត់បានចាញ់បោកពួកបាតសង្គម នូវទឹកប្រាក់ចំនួន១៨ ០០០ ០០០រៀល (១៨លានរៀល) វាប្រាប់ថា គាត់ត្រូវរង្វាន់៣លានដុល្លារ និងត្រាក់ទ័រ១គ្រឿង វាជារឿងដដែលៗមិនគួរកើត តែនៅតែអាចកើតទៅបាន ដោយសារខ្វះការពិចារណា។ ដូចនេះ ខ្ញុំសូមផ្តាំទៅប្រជាជនគ្រប់គ្នា កុំឱ្យមានករណីនេះកើតឡើងទៀត រឿងរង្វាន់ មិនមែនត្រូវងាយៗអត់ហេតុផលនោះទេ…”៕


