ភ្នំពេញ ៖ ស្ត្រីម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ ក្រោយពីផឹកស្រាវីស្គី ហើយចូលដេក កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ០១-០៣ (យីហោក្រុមហ៊ុនហ្វាទីណា មេន ផៅវ័រ ឯ.ក) ផ្លូវលេខ១០ ក្រុម៥ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ ។

សពជនរងគ្រោះឈ្មោះសុខ មុំ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅភូមិច្រកទៀស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក ស្ត្រីរងគ្រោះបានចេញពីស្រុកកំណើតមកភ្នំពេញ ក្នុងបំណងមកជូនដំណើរក្មួយទៅបម្រើការងារនៅឯក្រៅប្រទេស។ ក្រោយពីគាត់មកដល់ផ្ទះ ក៏បានជួបសន្ទនាជាមួយក្មួយជុំវិញតុអាហារ លុះដល់ម៉ោង៥ល្ងាច ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ គាត់ក៏បានទៅទិញស្រាវីស្គី១ដបយកមកផឹក ប៉ុន្តែផឹកមិនអស់មួយដបផង ក៏ចូលទៅដេកបាត់ទៅ។ លុះព្រឹកឡើង ក្មួយស្រីទៅមើល (ជនរងគ្រោះ) ឃើញដេកស្លាប់ក្នុងបន្ទប់ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

យោងតាមការពិនិត្យរបស់ជំនាញកោសល្យវិច័យរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានឱ្យដឹងថា ជងរងគ្រោះស្លាប់ដោយសារគាំងបេះដូង។

បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើត ដោយក្តីសង្វេគជាទីបំផុត៕