Sunday, November 16, 2025
Homeព័ត៌មានជាតិកូនប្រសាកាប់ឪក្មេក៣ប៉័ងតោ ខឹងឃាត់មិនឱ្យវ៉ៃប្រពន្ធ

កូនប្រសាកាប់ឪក្មេក៣ប៉័ងតោ ខឹងឃាត់មិនឱ្យវ៉ៃប្រពន្ធ

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់បានកើតមានជម្លោះជាមួយប្រពន្ធ រហូតដល់ក្តៅចិត្តពេកទ្រាំលែងបាន ក៏ផ្ទុះហិង្សាវ៉ៃប្រពន្ធយ៉ាងចាស់ដៃ លុះបុរសជាឪពុកក្មេកឃើញ ក៏ស្ទុះចូលទៅឃាត់ ស្រាប់តែកូនប្រសាដែលកំពុងពុលកំហឹង បានស្ទុះទៅទាញកាំបិតប៉័ងតោកាប់ប្រហារបុរសជាឪពុកក្មេកចំនួន៣កាំបិត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រសាកាប់ឪក្មេក៣កាំបិតប៉័ងតោនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក។

ជនដៃដល់ដែលកាប់ឪពុកក្មេកខ្លួនឯង៣កាំបិត មានឈ្មោះនៅ មេត្តា អាយុ៣០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក។ ចំណែកជនរងគ្រោះជាឪពុកក្មេក មានឈ្មោះរិន ផល អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ជនសង្ស័យខាងលើតែងរករឿងឈ្លោះប្រកែក និងប្រើអំពើហិង្សាវាយដំប្រពន្ធជាញឹកញាប់ តែមិនដែលមានសភាពហិង្សាធ្ងន់ធ្ងរដូចលើកនេះឡើយ។ នៅមុនពេលកើតហេតុ ជនសង្ស័យបានកើតមានជម្លោះពាក្យសម្តីជាមួយប្រពន្ធ ប៉ុន្តែមិនដឹងថាផ្តើមចេញពីរឿងអ្វីនោះទេ លុះបន្តិចក្រោយមក ជនសង្ស័យក៏បានវាយដំប្រពន្ធយ៉ាងចាស់ដៃ ទើបធ្វើឱ្យបុរសជាឪពុកក្មេកឃើញកូនប្រសាវាយតប់កូនស្រីបង្កើតខ្លួនឯងនៅនឹងភ្នែក ទ្រាំមើលមិនបាន ក៏ចូលទៅឃាត់ និងស្តីបន្ទោសជនសង្ស័យជាកូនប្រសា២-៣ម៉ាត់ ស្រាប់តែកូនប្រសាពុលកំហឹង ក៏ស្ទុះទៅទាញកាំបិតប៉័ងតោកាប់ទៅលើឪពុកក្មេកទាំងកំរោលចំនួន៣កាំបិត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ដោយឡែក ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងឃាត់ខ្លួននាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះញែក ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES