ភ្នំពេញ ៖ ស្ទាវល្មោភកាមម្នាក់ កម្រើកតណ្ហា ពេលឃើញនារីវ័យក្មេងម្នាក់កំពុងបោសសំអាតក្នុងបន្ទប់ម្នាក់ឯង ក៏ស្ទុះចូលរុញទ្វារបិត ចាប់រំលោភ តែត្រូវនារីរងគ្រោះរើបម្រះ ធ្វើឲ្យជនសង្ស័យរូបនេះខឹងក៏ទាត់១ជើង រួចរត់ចេញក្រៅបាត់ស្រមោល។ លុះសមត្ថកិច្ចនិងប្រជាពលរដ្ឋបានឃើញ ក៏ដេញតាម ត្រូវជនសង្ស័យទាញកាំបិតបុ័ងតោពីចង្កេះគំរាមកាប់សម្លាប់ថែមទៀត។

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ត្រង់ចំណុចបន្ទប់ជួល ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

យុវជនល្មោភកាមមានឈ្មោះ រស់ នៅ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ថ សន ភេទស្រី អាយុ២០ឆ្នាំ រស់នៅបន្ទប់ជួលកើតហេតុខាងលើ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានហូតវត្ថុតាង កាំបិតបុ័ងតោដងដែក ចំនួន១។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នារីរងគ្រោះកំពុងតែបោសសំអាតក្នុងបន្ទប់ជួលកើតហេតុខាងលើ ពេល ពេលនោះ ស្រាប់តែជនសង្ស័យបានស្ទុះចូលក្នុងបន្ទប់ រួចយកដៃឆ្វេង ច្របាច់កជនរងគ្រោះ ហើយដៃស្ដាំរុញខ្ទប់ទ្វារបិទបម្រុងចាប់រំលោភនារីរងគ្រោះ។ រួចនារីរងគ្រោះខំប្រឹងរើបម្រះ ស្រែកឲ្យអ្នកជិតខាងជួយ ធ្វើឲ្យជនសង្ស័យខឹង ក៏បានទាត់នារីរងគ្រោះមួយជើងត្រូវចំក្បាលផ្នែកខាងក្រោយ បណ្ដាលឲ្យពកមួយកន្លែង រួចរត់ចេញក្រៅបាត់។

សមត្ថកិច្ចបានបន្តថា ក្រោយមកក៏មានអ្នកជិតខាង និងកម្លាំងសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ជួយអន្ដរាគមន៍ ពេលនោះជនសង្ស័យបានទាញកាំបិតបុ័ងតោដងដែកពីចង្កេះខោខាងឆ្វេងស្រែកគំរាមកាប់សម្លាប់សមត្ថកិច្ច ភ្លាមនោះ សមត្ថកិច្ចក៏បានស្ទុះចូលបង្ក្រាបជនសង្ស័យ បណ្ដាលឲ្យរងរបួស ទើបចាប់ឃាត់ខ្លួនជនសង្ស័យបាន រួមនិងវត្ថុតាង យកមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានស្ទុះចូលក្នុងបន្ទប់នារីរងគ្រោះ រួចធ្វើសកម្មភាពច្របាច់ក បម្រុងរំលោភពិតប្រាកដមែន។ ពេលដែលសមត្ថកិច្ចចុះមកអន្តរាគមន៍ រូបគេបានយកកាំបិតបុ័ងតោគំរាមកាប់ តែត្រូវកម្លាំងសមត្ថកិច្ចវាយប្រតាយប្រតប់ចាប់ខ្លួនបានតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃុំខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕