ខេត្តកំពង់ឆ្នាំង ៖ បុរសវ័យចំណាស់ម្នាក់ ចូលចិត្តផឹកស៊ីស្រវឹងអួទីនួជារៀងរាល់ថ្ងៃ និងតែងរករឿងប្រពន្ធកូន វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ធ្វើឱ្យរងការខូចខាតអស់ជាច្រើនលើកច្រើនសារ រហូតដល់ប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ខ្លួនប្តីកំណាចយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ជនបង្កជាប្តីដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឡាច រ៉ុន អាយុ៥៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិសង្កាត់ កើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចក្រុងកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា ការឃាត់ខ្លួនជនបង្កខាងលើ ធ្វើឡើងតាមបណ្តឹងរបស់ស្ត្រីជាប្រពន្ធ ដែលបានប្តឹងចោទប្រកាន់បុរសជាប្តីពីបទអំពើហិង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ។
តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ប្តីម្នាក់នេះ (ជនបង្ក) គឺជាមនុស្សដែលចូលចិត្តផឹកស្រាខ្លាំងណាស់ តែងផឹកស្រវឹងគ្មានលស់ថ្ងៃ ហើយឱ្យតែស្រវឹងម្តងៗ តែងបង្ករឿងអុកឡុកក្នុងផ្ទះ វាយបំផ្លាញទ្រព្យសម្បត្តិ និងប្រើអំពើហិង្សាដាក់ប្រពន្ធកូនជាញឹកញាប់ ប៉ុន្តែកន្លងមក គាត់មិនធ្លាប់ប្តឹងផ្តល់ប្តីឡើយ ព្រោះចង់ទុកពេលឱ្យប្តីបានកែខ្លួន ប៉ុន្តែប្តីកាន់តែខ្លាំងដៃពីមួយួថ្ងៃទៅមួយថ្ងៃ រហូតដល់គាត់ទ្រាំលែងបាន ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនប្តីកំណាចយកទៅចាត់ការតាមច្បាប់តែម្តង។
បច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាន និងកសាងសំណុំរឿងតាមនីតិវិធី៕