ភ្នំពេញ ៖ ដោយសារតែធ្លាប់ពាក់ព័ន្ធនឹងចោរកម្ម យុវជន2នាក់ គ្រាន់តែក្រឡេកឃើញប៉ូលិសដាក់គោលដៅ ក៏បើកម៉ូតូរត់គេច តែត្រូវកម្លាំងល្បាតប្រដេញតាមស្ទាក់ ចាប់ឃាត់ខ្លួនបានម្នាក់ កាលពីវេលាម៉ោង11ព្រឹក ថ្ងៃទី6 ខែមិថុនា ឆ្នាំ2019 នៅខាងក្រោយបុរីអាកាសចរណ៍ ភូមិក្បាលដំរី1 សង្កាត់កាកាប1 ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះសំណាង ពន្លឺ ភេទប្រុស អាយុ22ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅភូមិព្រៃកី “ខ” សង្កាត់ពងទឹក ខណ្ឌដង្កោ កន្លងមកធ្លាប់សមត្ថកិច្ចខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនម្តងមកហើយ ពាក់ព័ន្ធចោរកម្ម។

ពេលឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្តចោរកម្ម។ ចំណែកយុវជនម្នាក់ទៀត រត់គេចទៅបាត់ គ្រាន់តែស្គាល់ឈ្មោះរ៉ា ភេទប្រុស អាយុ21ឆ្នាំ មានលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ3។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនឃាត់ខ្លួនបានជនខាងលើ កម្លាំងល្បាតរបស់នគរបាលខណ្ឌពោធិ៍សែនជ័យ និងប៉ុស្តិ៍រដ្ឋបាលបានចេញល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ ដោយសកម្មភាពឆក់ តាមផ្លូវសហព័ន្ធរុស្សី ចំណុចភូមិព្រៃទា សង្កាត់ចោមចៅ3 ស្រាប់តែឃើញជនសង្ស័យ2នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ125 ស៊េរីឆ្នាំ2019 ពណ៌ខ្មៅ គ្មានស្លាកលេខ បើករត់គេចចូលក្នុងបុរីញូវថោន ហើយបានចេញមកវិញ បើករត់តាមផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត។ កាន់តែសង្ស័យ កម្លាំងប៉ូលិសប្រដេញតាម លុះដល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ជនសង្ស័យបើកចូលក្នុងបុរីអាកាសចរណ៍ផ្តួលម៉ូតូចែកផ្លូវគ្នា ម្នាក់រត់ទៅលិច ម្នាក់ឈ្មោះសំណាង ពន្លឺ រត់ផ្លោះរបងទៅកើត ត្បុលសំងំក្នុងព្រៃ ត្រូវបានប៉ូលិសបន្ថែមកម្លាំងរុករក ទើបប្រទះឃើញជនសង្ស័យម្នាក់ សំងំពួនក្នុងព្រៃស្មៅ ក៏ចាប់ឃាត់ខ្លួនបានម្នាក់ បក្ខពួកម្នាក់ទៀតរត់គេចបាត់។

ជនសង្ស័យត្រូវបាននាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី បញ្ជូនទៅតុលាការ៕


