ភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងបោសដីនៅក្នុងបន្ទប់ជួលរបស់ខ្លួន ដោយភ្លេចបិទទ្វារបន្ទប់ ក៏ស្រាប់តែត្រូវជនល្មោភកាមម្នាក់ បានចូលមកធ្វើសកម្មភាពចាប់ច្របាច់ក រួចប្រើដៃលូកចូលក្នុងខោ ស្ទាបប្រដាប់ភេទស្ត្រីរងគ្រោះ ប៉ុនប៉ងរំលោភសេពសន្ថវៈ លុះស្ត្រីរងគ្រោះប្រឹងរើបម្រះរួចខ្លួន ស្រែកឆោឡោផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះអន្តរាគមន៍ ក៏ស្រាប់តែជនសង្ស័យមិនព្រមឱ្យសមត្ថកិច្ចចាប់ខ្លួនតាមសម្រួល បែរជាកាន់កាំបិតប៉័ងតោ មកគំរាមសមត្ថកិច្ច (ប្រុងតដៃ) រហូតដល់សមត្ថកិច្ចបើកប្រតិបត្តិការក្តៅ ទើបចាប់ខ្លួនជនល្មោភកាមរូបនេះបាន។

ករណីប្រុសល្មោភកាមប៉ុនប៉ងចាប់រំលោភប្រពន្ធគេទាំងកណ្តាលថ្ងៃនេះ បានកើតមានការផ្អើលឆោឡោឡើង កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យល្មោភកាមដែលប៉ងរំលោភប្រពន្ធគេ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះរស់ នៅ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ ស.ណ.វ អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ មានប្តីប្រកបរបរជាជាងដែក និងមានកូនស្រីតូចម្នាក់ អាយុ២០ខែ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

តាមសម្តរ្តីបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងនិងកូនស្រីតូចរបស់នាង នៅក្នុងបន្ទប់តែ២នាក់ប៉ុណ្ណោះ លុះមួយសន្ទុះក្រោយមក នាងក៏ដាក់កូនឱ្យលេងក្នុងបន្ទប់ ចំណែកនាងបានរៀបចំបោសសម្អាតនៅក្នុងបន្ទប់ ស្រាប់តែភ្លាមនោះ លេចមុខជនសង្ស័យខាងលើ បានស្ទុះចូលមកក្នុងបន្ទប់របស់នាង ហើយនាងមិនទាន់នឹងបានសួរថា មករកអ្វីផង ស្រាប់តែជននោះបានស្ទុះមកចាប់ច្របាច់ករបស់នាងជាប់ រួចហើយរុញទ្វារបិទ បន្ទាប់មក ក៏យកដៃស្តាំលូកចូលក្នុងខោ ស្ទាបប្រដាប់ភេទរបស់នាង។ ប៉ុន្តែពេលនោះ ជនសង្ស័យលូកមិនចូលដល់ទីជម្រៅឡើយ ដោយសារតែនាងស្លៀកខោជើងវែងតឹងពេក ទើបជនសង្ស័យលូកបានត្រឹមតែខាងក្រៅៗប៉ុណ្ណោះ ចំណែកនាងបានព្យាយាមចាប់បេះដៃជននោះចេញ និងចង់ស្រែកហៅគេជួយដែរ តែស្រែកមិនរួច ដោយសារជនសង្ស័យបានច្របាច់កនាងជាប់ ស្ទើរស្ទះដង្ហើមស្លាប់ទៅហើយ។

ស្ត្រីរងគ្រោះ បន្តថា ក្រោយមកជនសង្ស័យ បានច្រានផ្តួលនាងទៅលើឥដ្ឋការ៉ូ ហើយយកដៃស្តាំលូកប្រដាប់ភេទនាងម្តងទៀត រហូតដល់ទីជម្រៅ និងបម្រុងរំលោភសេពសន្ថវៈទៅហើយ ប៉ុន្តែសំណាងល្អ នាងបានខំរើបម្រះរួច និងស្រែកឱ្យអ្នកជិតខាងជួយ ជាហេតុធ្វើឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ។ ប៉ុន្តែមុនពេលអ្នកជិតខាង និងសមត្ថកិច្ចចុះមកដល់ ជនសង្ស័យខាងលើបានទាត់នាង១ជើង ត្រូវចំក្បាលផ្នែកខាងក្រោយ បណ្តាលឱ្យពកទៀតផង។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាកម្លាំងនគរបាលប៉ុស្តិ៍ ឱ្យចុះទៅកាន់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ។ ប៉ុន្តែពេលទៅដល់ ជនល្មោភកាមរូបនោះមិនខ្លាចនគរបាលឡើយ និងថែមទាំងបានទាញកាំបិតប៉័ងតោពីចង្កេះខាងឆ្វេង មកកាន់ក្នុងដៃ ហើយស្រែកគំរាមកាប់សម្លាប់កងកម្លាំងនគរបាលណា ដែលហ៊ានចូលមកចាប់ខ្លួនគេទៀតផង។ យ៉ាងណា សមត្ថកិច្ចមិនបណ្តោយឱ្យជនល្មើសនោះ ធ្វើអ្វីៗតាមតែអំពើចិត្តបាននោះទេ ដោយបានសម្រេច បើកប្រតិបត្តិការក្តៅ ស្ទុះចូលទៅធ្វើការប្រតាយប្រតប់ជាមួយជនសង្ស័យ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ នាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពច្របាច់ក យកដៃលូកប្រដាប់ភេទស្ត្រីរងគ្រោះមែន ដោយខ្លួនមានបំណងចង់ចាប់រំលោភនាង ប៉ុន្តែត្រូវនាងស្រែកបង្កឱ្យមានការភ្ញាក់ផ្អើល និងត្រូវបានកម្លាំងនគរបាល រួមជាមួយអ្នកភូមិចាប់ខ្លួនគេបាន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕