ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានខ្ចីបុលគេយកមកធ្វើទុនរកស៊ី តែត្រូវខាតឡុងចុងអស់ គ្មានលទ្ធភាពរកប្រាក់សងបំណុលគេវិញ ទើបលំបាកចិត្ត ចេះតែដើរផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ និងតែងរអ៊ូថាបំណុលច្រើនណាស់ គ្មានលទ្ធភាពសងគេ ចង់តែស្លាប់ឱ្យផុតៗទៅទេ ស្រាប់តែមិនបានប៉ុន្មាន បុរសរូបនោះក៏ដាច់ចិត្តគិតខ្លី ចងកសម្លាប់ខ្លួន ធ្វើឱ្យក្រុមគ្រួសាររន្ធត់ចិត្តយ៉ាងខ្លាំង។
ហេតុការណ៍បុរសចងកសម្លាប់ខ្លួនគេចពីបំណុលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្រោមផ្ទះរបស់ខ្លួន (ដូននាគ) ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន ព្រោះតែលំបាកចិត្តរឿងជំពាក់បំណុលគេច្រើននេះ មានឈ្មោះស៊ឹម សុខរះ អាយុ៣៨ឆ្នាំ មានលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមក ជនរងគ្រោះធ្លាប់បានខ្ចីប្រាក់ពីអង្គការ ដើម្បីយកមកធ្វើទុនរកស៊ី តែយូរទៅអស់ទាំងដើម អស់ទាំងការ រហូតដល់អត់មានលទ្ធភាពដោះបំណុលគេវិញបាន ទើបធ្វើឱ្យជនរងគ្រោះខូចចិត្ត តែងផឹកស្រាជាប់ជាប្រចាំ និងចេះតែទន្ទេញជាប់មាត់ថា ពិបាកចិត្តណាស់ បំណុលច្រើនពេកអត់លុយសង មានតែស្លាប់ទេមើលទៅ ទើបអាចដោះស្រាយបញ្ហាបាន តែយ៉ាងណា ក្រុមគ្រួសារចេះតែព្យាយាមឃាត់ឃាំង និងលើកទឹកចិត្តកុំឱ្យជនរងគ្រោះមានគំនិតខ្លីអី តែចុងក្រោយ ជនរងគ្រោះនៅតែជ្រើសយកផ្លូវមួយនេះដដែល។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅផឹកស្រាស្រវឹងដូចសព្វដង លុះមកដល់ផ្ទះវិញ ក៏ដេកលើគ្រែក្រោមផ្ទះរអ៊ូតែម្នាក់ឯង ពីរឿងជំពាក់បំណុលគេ។ ស្រាប់តែពេលដែលក្រុមគ្រួសាររវល់ភ្លេចខ្លួន ជនរងគ្រោះក៏បានយកខ្សែនីឡុងសម្រាប់វេញ ធ្វើអន្ទាក់ដាក់សត្វ មកចងកខ្លួនឯងជាប់នឹងរនូតផ្ទះ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង ទម្រាំក្រុមគ្រួសារបានប្រទះឃើញ ហួសពេលបាត់ទៅហើយ បានត្រឹមរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះផឹកស្រាស្រវឹងផង និងពិបាកចិត្តរឿងជំពាក់លុយអង្គការ គ្មានលទ្ធភាពសងផង ទើបសម្រេចចិត្តធ្វើបែបនេះ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕