Monday, November 17, 2025
Homeព័ត៌មានជាតិតុលាការសម្រេចចោទប្រកាន់ស្ត្រីជើងខ្លាំង បាញ់គំរាមលោកសង្ឃ ២ករណី

តុលាការសម្រេចចោទប្រកាន់ស្ត្រីជើងខ្លាំង បាញ់គំរាមលោកសង្ឃ ២ករណី

ភ្នំពេញ៖ ស្ត្រជើងខ្លាំងបាញ់បោះក្នុងវត្តគំរាមព្រះសង្ឃ ព្រោះខឹងស្រោចទឹកហើយ នៅតែមានយីអ៊ុនដាក់ ដេកមិនលក់ មានអារម្មណ៍ហាក់ដូចជាត្រូវអំពើនោះ ត្រូវបានតុលាការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធដោយខុសច្បាប់។

មន្ត្រីតុលាការដំបូងសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយបើកការស៊ើបសួរបានបញ្ចប់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រីកែវ សុគន្ធា បានសម្រេចជាផ្លូវការ ចោទប្រកាន់លើស្ត្រីឈ្មោះ ផាន ស្រីលីន ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយខុសច្បាប់។ នេះបើយោងតាម មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ។

មន្ត្រីតុលាការដដែលនេះ បានបញ្ជាក់ថា សំណុំរឿងនេះនឹងត្រូវបញ្ជូនបន្តទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចលើវាសនាជនត្រូវចោទរូបនេះ ថាតើអាចរួចខ្លួន ឬគេចមិនផុតពីត្រូវឃុំខ្លួនដាក់ពន្ធនាគារ។

គួរបញ្ជាក់ថា ស្ត្រីម្នាក់បានយកកាំភ្លើងខ្លីបាញ់ផ្អើលពេញវត្ត បណ្តាលឲ្យលោកសង្ឃ យាយជី តាអាចារ្យ មានភាពភ័យរន្ធត់យ៉ាងខ្លាំង ព្រោះតែខឹងលោកសង្ឃមួយអង្គស្រោចទឹកលើករាសី តែបែរជាយីអ៊ុនដាក់ ដេកមិនលក់ ហាក់ដូចជាត្រូវអំពើគេ។ ហើយស្ត្រីជើងខ្លាំងរូបនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្នុងកុដ្ឋលេខ២៣ វត្តសារាវ័ន្តតេជោ ផ្លូវលេខ១៧៨ ភូមិទី៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

បើតាមសមត្ថកិច្ចដែលបានចុះប្រតិបត្តិការឃាត់ខ្លួនស្ត្រីរូបនេះ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះផាន ស្រីលីន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកលោកសង្ឃ ដែលត្រូវស្ត្រីជើងខ្លាំងបាញ់គំរាម មានព្រះនាម ឈ្មោះសឿន ពិសិទ្ធ ភេទប្រុស អាយុ២៨វស្សា ជនជាតិខ្មែរ ស្នាក់នៅកុដ្ឋលេខ២៣ ក្នុងវត្តសារាវ័ន្ត ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះខណ្ឌដូនពេញ។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាង មានដូចជា អាវុធខ្លីមួយដើម ម៉ាក ZORAKI.M906 លេខ០០០១២៦, បង់មួយ, គ្រាប់ចំនួន០២គ្រាប់, ទូរស័ព្ទដៃមួយគ្រឿង ម៉ាកVIVO ពណ៌ឈាមជ្រូក, លុយចំនួន១០០ដុល្លារ, លុយខ្មែរចំនួន២មឺុនរៀល និងកាបូបស្ពាយពណ៌ស្លែមួយ។

មន្ត្រីសមត្ថកិច្ចដដែល បានបន្តថា មុនពលកើតហេតុ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យបានដើរសំដៅចូលទៅជួបជនរងគ្រោះ រឿងស្រោចទឹកឲ្យហើយ បែរជាយីអ៊ុនដាក់ រកសុីមិនកាក់កប និងដេកមិនលក់ ហាក់ដូចជាដូចត្រូវអំពើគេ ដែលស្រោចទឹកកាលពីក្នុងអំឡុងខែឧសភា ឆ្នាំ២០១៧។ ពេលនោះ ដោយជនសង្ស័យខឹងខ្លាំងពេកពេក បានដកកាំភ្លើងខ្លីពីក្នុងកាបូប បាញ់ឡើងលើចំនួន០២គ្រាប់ ។ ភ្លាមៗនោះ ក៏មានការផ្អើលឆោឡោ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ពេលនោះត្រូវបានកម្លាំងសមត្ថកិច្ច វុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ និងកាំភ្លើងខ្លី នាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជើងខ្លាំងរូបនេះ បានសារភាពថា នាងពិតជាបានបាញ់ទៅលើព្រះសង្ឃនោះពិតមែន គឺមកពីនាងខឹងព្រះសង្ឃអង្គនោះស្រោចទឹកឲ្យនាងហើយ តែនាងដេកមិនលក់ ចេះតែរសាប់រសល់ មានអារម្មណ៍ហាក់ដូចជាត្រូវអំពើគេ។ ហើយកាំភ្លើងខ្លីនេះ នាងបានទិញពីប្រទេសថៃ ក្នុងតម្លៃ១៥០០ដុល្លារ កាលពីខែមេសា ឆ្នាំ២០១៩ ៕

RELATED ARTICLES