ពេជ្រ សោភា ដែលធ្លាប់អះអាងថា នាងមិនចង់លេងម៉ូដឡាន ព្រោះនាំតែប្រឈមការខាតបង់ប្រាក់ឥតប្រយោជន៍នោះ ស្រាប់តែនៅពាក់កណ្តាលឆ្នាំ២០១៩ នេះ សោភា បានប្តូរ ចិត្តហើយ។

សោភា ដែលមានរថយន្ត Range Rover ពណ៌ខ្មៅស្រាប់ តម្លៃជិត១០ម៉ឺនដុល្លារនោះ បានទិញរថយន្តថ្មីថែម១គ្រឿងទៀត គឺ ម៉ាក Porsche ពណ៌ស តម្លៃជាង២០ម៉ឺនដុល្លារ ដែលសរុបរថយន្តទំនើបទាំង២គ្រឿង ដែលនាងជិះឆ្លាស់គ្នានេះ សោភា ចាយលុយ អស់ជិត៣០ម៉ឺនដុល្លារ។
ទោះជាយ៉ាងណា ការលេងម៉ូដរថយន្តរបស់ពេជ្រ សោភា នៅពេលនេះ មិនមែននាងនៅផ្ទះជួលឡើយ គឺសោភា មានផ្ទះផ្ទាល់ខ្លួនដល់ទៅ២កន្លែងផ្សេងគ្នា។

តាមព័ត៌មានបានឱ្យដឹងថា សោភា មានផ្ទះយ៉ាងប្រណីតមួយកណ្លែង នៅក្បែរគុកព្រៃស តែនាងបានជួលផ្ទះនោះឱ្យគេហើយ នាងមកទិញផ្ទះវីឡាយ៉ាងប្រណីត តម្លៃជាង២០ម៉ឺនដុល្លារ នៅក្បែរផ្សារប៉េសេ ដោយរស់នៅជុំគ្នាជាមួយម្តាយរបស់នាងរួមទាំងក្មួយៗផង។

ប៉ុន្តែនៅពេលសាកសួររឿងការលេងម៉ូដរថយន្តនោះ ពេជ្រ សោភា មិនចង់និយាយឡើយ បើទោះជាគេឃើញនាងជិះរថយន្ត Porsche នោះ យ៉ាងកាលីពក៏ដោយ។ ប៉ុន្តែពេជ្រ សោភា បានទទួលស្គាល់ថា រឿងទិញផ្ទះនោះ គឺជាការពិត តែនាងមិនមែនជាអ្នកចង់អួតអាងទេ ហេតុនេះហើយ នាងសំណូមពរកុំឱ្យអ្នកកាសែតសរសេររឿងវីឡានោះទៅវិញ។

ពេជ្រ សោភា ស្ថិតក្នុងចំណោមតារាចម្រៀងស្រីជួរមុខ Grade“A” ដែលកើបលុយក្នុង១ឆ្នាំៗ បនារាប់សែនដុល្លារពីអាជីពសិល្បៈ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ថែមទៀត ក្រៅពីត្រូវប៉ាន់អាជីពចម្រៀង សោភា ក៏កើបលុយពីស្ពតពាណិជ្ជកម្មធំៗជាច្រើនព្រមៗគ្នាដែរ ហើយថ្មីៗនេះ នាងក៏បានងាកមករកស៊ីលក់គ្រឿង Cosmetics ផងដែរ ទើបធ្វើឱ្យប្រាក់ចំណូលរបស់នាងកាន់តែកើនឡើង រហូតហ៊ានជិះរថយន្តទំនើប១គ្រឿង ស្មើផ្ទះវីឡាមួយទៅហើយ។

ថ្វីត្បិតតែពេជ្រ សោភា នៅតែរក្សាតំណែងជាតារាស្រីសំខាន់របស់ហង្សមាស មែន តែរឿងស្នេហារបស់សោភា នៅតែមិនសមប្រកបឡើយ។ បន្ទាប់ពីលែងលះស្វាមីអាណិកជនខ្មែរ នៅអាមេរិក លោកឡៅ ឆលី មក សោភា ដែលបង្ហាញភាពស្អិតល្មួតជាមួយប្រុសក្មេង ឆឹម សក្កដា នោះ បានតែម៉ារយៈពេលខ្លី ស្រាប់តែពេលនេះពួកគេបែរជាបាត់បង់អស់ ភាពផ្អែមល្ហែមស្នេហ៍ បន្ទាប់ពីត្រូវគេសង្ស័យថា តារាទាំង២លេងល្បែងស្នេហា“ក្លែងក្លាយ”។

ទោះជាយ៉ាងណា ក្នុងជំនួបផ្ទាល់នាពេលកន្លងមក សោភា ថា នាងមិនដែលយករឿងស្នេហាជាធំទេ ព្រោះគិតទៅលើការរកលុយផ្គត់ផ្គង់ជីវភាពគ្រួសារសំខាន់ជាង។ សោភា ថែមទាំងថា នៅពេលដែលនៅខ្លួនមួយស្រួលជាងមានគ្នា ព្រោះគេងលក់ស្រួល គ្មានអ្នកណារំខានឡើយ។

ក្រៅពីពេជ្រ សោភា តារាដែលលេងម៉ូដ រថយន្ត Porsche មានស្រីស្អាត ស៊ីន យូប៊ីន, គង់ វង្សយ៉ាទី និងពេជ្រ សូលីកា៕