អាលីហ្សា បានបញ្ចោញរូប Pre-Wedding ជាមួយគូដណ្តឹងរបស់នាងមកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោកលី ឃាំង ដែលជាអ្នកជំនួញវ័យជិត៣០ឆ្នាំ មុនពេលដែលពិធីអាពាហ៍ពិពាហ៍របស់នាងនឹងឈានមកដល់នៅ២ថ្ងៃ ខាងមុខ ពោលគឺនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។

សម្រាប់កម្មវិធីជប់លៀងវិញ អាលីហ្សា បានឱ្យដឹងថា នាងជប់លៀង៧០តុ នៅមជ្ឈមណ្ឌលកោះពេជ្រ អាគារ L ប៉ុន្តែ ដោយសារកម្មវិធីទាំងមូលមិនទាន់ចាប់ផ្តើម ហេតុនេះហើយនាងមិនដឹងថា ចំណាយប្រាក់អស់ប៉ុន្មានឡើយ។

ដោយឡែក នៅពេលសួររឿងគម្រោងដឹកដៃស្វាមីទៅក្រេបចន្ទទឹកឃ្មុំ (HoneyMoon) វិញ ក៏ត្រូវបានអាលីហ្សា ព្យាយាមលាក់សិនដែរ ដោយនាងថា ចាំរៀបការហើយ ទើបអាចប្រាប់បាន។

តាមរយៈរូបថតសម្រាប់ដាក់តាំងការនោះ អាលីហ្សា ត្រូវបានមហាជនសរសើរថា នាងពូកែរកស្វាមីបានសង្ហា ហើយក្មេងទៀត ទើបធ្វើឱ្យតារាចម្រៀងនិងសម្តែងរូបនេះ ញញឹមបិទមាត់មិនជិតទេ ព្រោះថា ពេលនេះនាងត្រៀមខ្លួនរៀបការមែនទែនហើយ។

អាលីហ្សា បានឱ្យដឹងថា ចំណងស្នេហារវាងនាងជាមួយលោកឃាំង កើតមានរយៈពេលជាង៣ឆ្នាំមកហើយ តែទើបបានភ្ជាប់ពាក្យជាង១ឆ្នាំប៉ុណ្ណោះ ក៏កំណត់ពេលវេលារៀបការនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នេះតែម្តង។

តារាសម្តែងនិងចម្រៀង អាលីហ្សា បន្ថែមថា ក្រោយរៀបការហើយភ្លាមៗ នាងមិនប្រឡូកសិល្បៈជោគជាំដូចមុនទៀតទេ គឺរង់ចាំតែវីសាពីស្ថានទូតអាមេរិក ដើម្បីចេញទៅរស់នៅតាមស្វាមី។

គួរបញ្ជាក់ថា អាលីហ្សា ធ្លាប់បរាជ័យគម្រោងរៀបមង្គលការ២លើកមកហើយ ដែលធ្វើឱ្យនាងដំបៅបេះដូងពិបាករកថ្នាំព្យាបាល។ ចំណងស្នេហាទី១ អាលីហ្សា បានភ្ជាប់ស្នេហ៍ជាមួយអតីតតារាចម្រៀងរស្មីស្ទឹងសង្កែ សេន រ៉ានុត ត្រូវខកចិត្ត ព្រោះរ៉ានុត បានទៅរៀបការជាមួយកូនអ្នកលក់មាស នៅអាមេរិក ចោលអាលីហ្សា ដោយគ្មានស្តាយស្រណោះអនុស្សាវរីយ៍ចាស់ឡើយ។ ស្នេហាទី២ អាលីហ្សា បានភ្ជាប់ពាក្យជាមួយលោកថៅកែកាហ្វេដែននី ដោយស្ទើរតែក្រាបផ្ទឹមជាមួយគ្នាទៅហើយ ប៉ុន្តែចុងក្រោយ លោកថៅកែប្រែចិត្តទៅស្នេហាមិត្តភក្តិរបស់អាលីហ្សា ទៅវិញ។

អាលីហ្សា ធ្លាក់ខ្លួនឈឺបេះដូងយ៉ាងធ្ងន់ រហូតតម្រូវឱ្យនាងទៅព្យាបាលជំងឺនៅប្រទេសថៃ យ៉ាងទៀងទាត់ ហើយប្រាក់ដែលនាងខំប្រឹងច្រៀងសម្តែងទាំងយប់ថ្ងៃ ត្រូវបង់ថ្លៃឱ្យពេទ្យស្ទើរទាំងអស់។ ពេលនេះ អាលីហ្សា មានកម្តៅស្នេហាជាថ្មី តាមរយៈការរកបានប្រុសក្មេងមកស្អំរបួសបេះដូង ដោយរៀបការតាមប្រពៃណីខ្មែរ ធ្វើឱ្យអាលីហ្សា អាចកប់ដានស្នេហ៍ចាស់ត្រឹមឆ្នាំ២០១៩ នេះហើយ៕
