តារាហង្សមាស សួស វីសា បានភ្ជាប់ពាក្យជាមួយប្រុសក្មេងថមមី កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ធ្វើឱ្យមន្ត្រីធំៗជាច្រើនជ្រួលច្របល់ និងខកចិត្តយ៉ាងខ្លាំង ព្រោះតែអស់ឱកាសតាមថ្ពក់បេះដូងតារាចម្រៀងសំនៀងផ្អែមនេះទៀតហើយ។
សួស វីសា នឹងក្លាយទៅជាអនាគតភរិយារបស់ប្រុសក្មេង ថមមី ជាផ្លូវការនៅចុងឆ្នាំ២០១៩នេះ តាមរយៈអាពាហ៍ពិពាហ៍ជាចំហមួយ ដែលរៀបចំនៅរាជធានីភ្នំពេញ…។

ការសម្រេចចិត្តផ្ញើបេះដូងជូនថមមី របស់វីសា នៅពេលនេះ បន្ទាប់ពីពួកគេបានភ្ជាប់ពាក្យជាមួយគ្នា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះវីឡាទ្រនំស្នេហ៍ ឯបុរីជីប ម៉ុង លែន (ផ្លូវជា សុផារ៉ា) ដោយមានចាស់ទុំទាំងសងខាងធ្វើជាសាក្សី។
សួស វីសា បានថ្លែងប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា នេះជាការសម្រេចចិត្តដោយគ្មានការស្ទាក់ស្ទើរទេ ហើយនាងនឹងចូលរោងការនៅចុងឆ្នាំ២០១៩ ខាងមុខនេះហើយ ដែលពិធីនោះនឹងរៀបចំនៅរាជធានីភ្នំពេញ។

វីសា វាចាថា “ខ្ញុំនឹងរៀបការនៅខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខហ្នឹងហើយបង តែមិនទាន់បានកំណត់ថ្ងៃ និងទីតាំងច្បាស់លាស់ទេ ព្រោះអីនៅឆ្ងាយទៀតដែរ គ្រាន់តែដឹងថា ធ្វើនៅភ្នំពេញ មិនមែនធ្វើនៅខេត្តទេ”។
សួស វីសា ថា នាងមិនអាចពន្យារពេលវេលារៀបការតទៅមុខបានទៀតទេ ដោយសារពេលនេះ ឪពុកម្តាយទាំងសងខាង ក៏ដូចចាស់ៗ គាត់ចង់ឃើញកូនៗរៀបការ អ៊ីចឹងនាងត្រូវតែបំពេញបំណងពួកគាត់ ដោយមិនគិតបារម្ភពីការធ្លាក់ចុះកេរ្តិ៍ឈ្មោះ ក្រោយពេលមានប្តីនេះទេ។

តារាហង្សមាស រូបនេះ បន្ថែមថា “រឿងថា ខ្ញុំការហើយ ភ័យខ្លាចធ្លាក់ទីផ្សារ ឬអត់ អាហ្នឹងចាំដល់ពេលហ្នឹង ចាំគិតទៀត ព្រោះយើងចាំមើលជាក់ស្តែង។ ប៉ុន្តែមូលហេតុដែលខ្ញុំត្រូវរៀបការនៅពេលនេះ ដោយសារតែចាស់ទុំពួកយើងទាំងសងខាង គាត់ចាស់ៗទៅហើយ អ៊ីចឹងខ្លាច គាត់ស្លាប់អស់ទៅ បានយើងរៀបការម៉េចកើត? ខ្ញុំការដើម្បីឱ្យពួកគាត់បានឃើញយើងទាំងពីរ នៅថ្ងៃហ្នុង ដោយរីករាយ”។
មុនភ្ជាប់ពាក្យ និងកំណត់ពេលវេលារៀបការនេះ សួស វីសា និងលោកប៊ុនថុល ប៊ុនថង ហៅថមមី បានទិញផ្ទះវីឡាទ្រនំស្នេហ៍តម្លៃជាង២០ម៉ឺនដុល្លារ និងទិញរថយន្តទំនើប២គ្រឿង ជិះរួមគ្នាទៀតផង ទើបធ្វើឱ្យពេលនេះ ពួកគេគិតថា នៅខ្វះតែម៉្យាងគត់ គឺការរៀបអាពាហ៍ពិពាហ៍ជាចំហ ដែលត្រូវតែបំពេញ ដើម្បីកុំឱ្យគេរិះគន់ថា សាងស្នេហ៍ឥតខាន់ស្លា។
សួស វីសា បន្ថែមទៀតថា “ឥឡូវជីវភាពយើងបានល្អប្រសើរជាងមុនឆ្ងាយហើយ។ ប៉ុន្តែមិនមែនថា យើងមានអ្វីៗគ្រប់យ៉ាងទេ។ បើចាំមានអ្វីៗគ្រប់យ៉ាង ទើបរៀបការ គឺមិនអាចទេ អ៊ីចឹងបានជាខ្ញុំសម្រេចចិត្ត ហើយថា យើងត្រូវតែរៀបការ មិនមែនខ្លាចប៉ះពាល់អាជីព មិនហ៊ានរៀបការនោះទេ”។

សួស វីសា បានភ្ជាប់ស្នេហ៍ជាមួយប្រុសក្មេង ថមមី ជាង៥ឆ្នាំមកហើយ ក្រោយពេលដែលនាងផ្តាច់ស្នេហ៍ពីអតីតគូដណ្តឹង លោកមាស សាឡី កាលពីឆ្នាំ២០១០ នៅពេលដែលវីសា ដើរចេញពី Rock ចូលហង្សមាស។
ចំណងស្នេហ៍ថ្មីរបស់តារាចម្រៀងសំនៀងផ្អែម សួស វីសា និងថមមី ធ្លាប់ត្រូវបានគេសង្ស័យថា ពួកគេសាងស្នេហ៍ក្លែងក្លាយ ព្រោះសំអាងថា វីសា មានមន្ត្រីធំជាច្រើនតាមចោមស្នេហ៍ ក្នុងនោះ មានទាំងថៅកែស្រីៗធំ ក៏តាមប្រមាញ់បេះដូងនាងដែរ។

ប៉ុន្តែអ្វីៗអស់ការសង្ស័យ ព្រោះវីសា សម្រេចចិត្តជ្រើសស្នេហ៍ប្រុសក្មេង ថមមី តាមរយៈអាពាហ៍ពិពាហ៍ ហើយមុនភ្ជាប់ពាក្យជាមួយថមមី នាងប្រាប់ថា មិនធ្លាប់មានក្តីប៉ងប្រាថ្នាធ្វើជា “ជំទាវ” របស់អ្នកធំៗឡើយ ព្រោះក្នុងចិត្តនាងគិតថា ត្រឹមជាតារាចម្រៀងសាមញ្ញម្នាក់ បើចង់ធ្វើប្រពន្ធអ្នកធំ គេមិនឱ្យតម្លៃទេ ព្រោះអ្នកចម្រៀងមានអីអស្ចារ្យទៅ? នាងថា មានតែអ្នកសិល្បៈដូចគ្នាទេ ទើបចេះយល់ចិត្តថ្លើមគ្នា ហើយចំណុចពិសេសដែលនាងជ្រើសរើសយក លោកថមមី ដោយសារតែបុរសម្នាក់នេះ ចេះយល់ចិត្តនាងគ្រប់យ៉ាងទាំងអស់ គឺបុរសបែបនេះហើយ ដែលនាងស្រមៃជាយូរមកហើយ ឥឡូវគឺបានជួបមែន។

ម្ចាស់បទ “វាសនាបុប្ផាស្វាយរៀង” សួស វីសា ដែលបានដាក់ទុនរួមគ្នាជាមួយគូស្នេហ៍ បើកហាងបាយមួយកន្លែង នៅម្តុំស្តុបបូកគោ នោះ បានឱ្យដឹងថា ក្រោយរៀបការហើយ នាងចង់ផ្តោតលើការរកស៊ីលក់គ្រឿងសម្អាង និងអចលនទ្រព្យបន្ថែមពីលើអាជីពសិល្បៈ”