អ្នកនាងចន ច័ន្ទលក្ខិណា បានឱ្យដឹងថា កំពុងត្រៀមខ្លួនវះកាត់ជំងឺ “ពកក” ដែលរយៈពេលចុងក្រោយនេះ វាបានធ្វើទុក្ខដល់សុខភាពរបស់នាង ពិបាកទ្រាំទ្រខ្លាំងណាស់ ព្រោះតែគ្រូពេទ្យឱ្យអ្នកនាងញ៉ាំអាហារមួយចំនួន តែអ្នកនាងមិនបានអនុវត្តតាម។

យ៉ាងណា ចន ច័ន្ទលក្ខិណា ប្រាប់ថា ជំងឺនេះវាមិនបានឱ្យអ្នកនាងខាតពេលវេលាច្រើនណាស់ទេ គឺគ្រាន់តែវះកាត់ ហើយព្យាបាលមួយរយៈនឹងជាសះស្បើយជាមិនខានឡើយ។

ចន ច័ន្ទលក្ខិណា ថ្លែងថា “ខ្ញុំមានបញ្ហាសុខភាពឈឺបំពង់ក ព្រោះខ្ញុំមានជំងឺ “ពកក” តែវាមិនដុះចេញមកខាងក្រៅទេ គឺដុះចូលទៅក្នុង។ មួយរយៈនេះ ខ្ញុំរវល់ច្រើនពេក រកតែពេលវះកាត់មិនបាន តែខ្ញុំនឹងឆ្លៀតទៅវះកាត់ព្យាបាលឱ្យទាន់ពេលវេលា នៅពេលដែលខ្ញុំរាងទំនេរបន្តិចនាពេលខាងមុននេះ ព្រោះអាណត្តិជាប្រធានសមាគមសិល្បករខ្មែររបស់ខ្ញុំ ក៏ជិតចប់ដែរហើយ អ៊ីចឹងបើវះកាត់ពេលហ្នុងអាចបានសម្រាកច្រើន”។

ថ្វីត្បិតតែអ្នកនាងចន ច័ន្ទលក្ខិណា ជិតចូលដល់ទីបញ្ចប់អាណត្តិនៃតំណែងជាប្រធានសមាគមសិល្បករខ្មែរ របស់នាងមែន តែចន ច័ន្ទលក្ខិណា ថា បើសិនជាមានការគាំទ្រពីសិល្បករបោះឆ្នោតឱ្យនាងបន្តធ្វើជាប្រធានមួយអាណត្តិទៀតនោះ អ្នកនាងនឹងពិចារណាមើលសិន ព្រោះថា ជំងឺរបស់នាងត្រូវការព្យាបាលរយៈពេលខ្លីប៉ុណ្ណោះ នឹងបានជាសះស្បើយវិញជាមិនខាន៕


