អ្នកនាងសុខ ច័ន្ទធីតា ហៅកាតុ បានអះអាងថា ពេលនេះ អ្នកនាងបានក្លាយទៅជាអ្នកផលិតកម្មវិធីរបស់ទូរទស្សន៍ថោន ក្នុងកម្មវិធី “ឆ្ងាញ់ទេ?” ចំណែកស្វាមីរបស់នាង លោកខ្យង ក៏ក្លាយទៅជាអ្នកផលិតកម្មវិធីផ្សេងមួយទៀតដល់ទូរទស្សន៍នេះផងដែរ ហេតុនេះហើយ បានជានាងអាចនឹងបាត់មុខពីការច្រៀងរាំតាមស្ថានីយទូរទស្សន៍មួយចំនួនទៀត ក្នុងពេលខាងមុខនេះហើយ ដើម្បីប្រឹងប្រែងតែជាមួយថោន។

តារាមាត់ឆៅរូបនេះ អះអាងថា “ខ្ញុំត្រូវបានថោន ផ្តល់ឱកាសឱ្យក្លាយទៅជាអ្នកផលិតកម្មវិធី “ឆ្ងាញ់ទេ ?” ចំណែកប្តីខ្ញុំក៏ជាអ្នកផលិតកម្មវិធីរបស់ថោន ដែរ ហេតុនេះហើយខ្ញុំសូមអរគុណថៅកែថោន ឯកឧត្តមវ៉ា សុធា ដែលផ្តល់ឱកាសឱ្យប្តីប្រពន្ធខ្ញុំបញ្ចោញសមត្ថភាពនៅថោន នេះ។ ឥឡូវខ្ញុំអាចច្រៀង សម្តែងនៅទូរទស្សន៍ផ្សេងៗបាន ប៉ុន្តែ នាពេលខាងមុខនេះ ប្រហែលជាមិនអាចទេ ព្រោះអីពេលនេះ ខ្ញុំក្លាយទៅជាបុគ្គលិកពេញសិទ្ធិរបស់ថោន ហើយ”។

ក្រៅពីផ្តោតលើការផលិតកម្មវិធីនៅថោន នោះ អ្នកនាងកាតុ ក៏បង្ហើបឱ្យដឹងថា ពេលនេះ សុខភាពស្វាមីរបស់អ្នកនាង គឺលោកខ្យង មានភាពល្អប្រសើរជាងមុនឆ្ងាយហើយ ហេតុនេះអ្នកនាងមានគម្រោងយកកូនថែមមួយទៀត នៅឆ្នាំ២០២០ ខាងមុខនេះ។

អ្នកនាងសុខ ច័ន្ទធីតា អះអាងថា “អូ ! និយាយពីប្តីខ្ញុំវិញ ឥឡូវរឹងមាំខ្លាំងណាស់ បើខ្ញុំចង់យកកូន គឺបានភ្លាមហ្នឹង តែខ្ញុំគិតថា ចាំឆ្នាំក្រោយចាំយក ព្រោះថាពេលនេះ ទោះជាខ្ញុំអាយុច្រើនបន្តិចមែន តែឥឡូវទំនើបណាស់ ទោះជាអាយុ៥០ឆ្នាំ ចាំយកកូនក៏មិនអីដែរ។ ប្តីខ្ញុំវិញរឹងមាំមែនទែន ឱ្យតែម៉ោង១ម៉ោង២អី ខ្ញុំឡើងលេងម្តងហើយ។សើច។ ពីមុនគ្រូពេទ្យថា ខ្ញុំកើតជំងឺស្ត្រេស ព្រោះយើងធ្វើការច្រើនពេក ពិបាកយកកូន តែឥឡូវខ្ញុំ និងប្តី គិតគ្នាហើយថា យកថែមមួយទៀតនៅឆ្នាំក្រោយនេះហើយ”។

ទោះជាកាតុ សម្រេចចិត្តយកកូនថែម១ទៀត នៅឆ្នាំ២០២០មែន ប៉ុន្តែតារាចម្រៀងផលិតកម្មថោន រូបនេះ អះអាងថា ទោះជាពេលនេះអ្នកនាងមានកូនស្រីមួយទៅហើយមែន តែនៅមិនទាន់បាត់ភ័យរឿងសម្រាលកូនទេ ព្រោះថា ពិបាកណាស់ឆ្លងទន្លេ ឆ្លងសមុទ្រ ម្តាយយកជីវិតទៅប្តូរអីចឹង ចូរកូនគ្រប់គ្នា កុំភ្លេចគុណម្តាយ៕



