ឱក សុគន្ធកញ្ញា និងមាស សុខសោភា សុទ្ធតែត្រូវបានគេចាត់ទុកថា ពួកគេជាកំពូលតារាចម្រៀងលំដាប់ Grade “A” នៅរយៈពេលជិត10ឆ្នាំចុងក្រោយនេះ ហើយតារាចម្រៀងឈរនៅផលិតកម្ម2ផ្សេងគ្នានេះ មានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ស្របពេលដែលមជ្ឈដ្ឋានមហាជនបានលើកឡើងថា សុគន្ធកញ្ញា ហាក់មានប្រៀបជាងសោភា នៅពេលដែលនាងមិនទាន់ការប្តី។

ប៉ុន្តែពេលនេះ ទាំងសុគន្ធកញ្ញា និងសោភា សុទ្ធតែមានប្តីអស់ទៅហើយ ហេតុនេះហើយបានជាមហាជនជាច្រើនរង់ចាំមើលថា តើក្នុងចំណោមតារាទាំង2ដួងនេះ មួយណាទៅដែលអាចរក្សាតំណែងបាន? ព្រោះមានតារាស្រីជាច្រើនដួងមកហើយ តែងតែប្រឈមការធ្លាក់កូដ នៅពេលដែលពួកគេមានប្តីនិងកូននោះ។

ឱក សុគន្ធកញ្ញា បានលាភាពនៅលីវត្រឹមថ្ងៃទី16 ខែឧសភា ឆ្នាំ 2019 ដោយដឹកដៃលោកអ៊ឹង សុខលី ប្អូនថៅកែហង្សមាស ឧកញ៉ាអ៊ឹង ឆៃងួន ធ្វើឱ្យពេលនេះ សុគន្ធកញ្ញា ក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស ជាផ្លូវការទៅហើយ។

មជ្ឈដ្ឋានមហាជនបាននិយាយស្រដៀងគ្នាថា ពេលសុគន្ធកញ្ញា ក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស គឺប្រាកដណាស់នាងនឹងក្លាយជាតារាដែលមានឥទ្ធិពលខ្លាំងនៅហង្សមាស ដែលមិនអាចតារាស្រីណាប៉ះនាងបានឡើយ ហេតុនេះហើយ គេជឿថា តារារូបនេះមិនងាយធ្លាក់ចុះទេ ព្រោះតែបទចម្រៀងល្អៗ នឹងត្រូវអ្នកនិពន្ធសម្រិតសម្រាំងទុកជូនប្អូនថ្លៃលោកថៅកែច្រៀងជាមិនខាន។

ដោយឡែក មាស សុខសោភា វិញ នាងជាតារាចម្រៀងដ៏មានឥទ្ធិពលរបស់ថោន ហើយមានផលិតកម្មផ្ទាល់ខ្លួន Camtrax ដែលមានស្វាមីរបស់នាង លោកអ៊ឹត រ៉ាដា ជាអ្នកគ្រប់គ្រង។ សោភា ខុសពីសុគន្ធកញ្ញា ត្រង់ថា នាងត្រូវគេដឹងថា មានប្តី11ឆ្នាំទៅហើយ ប៉ុន្តែនៅតែរក្សាតំណែងបាន។

ដោយឡែក សុគន្ធកញ្ញា វិញ មានប្តីជាផ្លូវការទើបតែ1ខែប៉ុណ្ណោះ ហេតុនេះហើយ ការជឿជាក់ថា នាងនៅតែខ្លាំងដូចកាលនៅក្រមុំ ឬយ៉ាងណានោះ គេនៅត្រូវការពេលវេលាតាមដានថែមទៀត បើទោះជាសុគន្ធកញ្ញា ក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស ក៏ដោយ ប៉ុន្តែមហាជនទេជាអ្នកកំណត់ភាពល្បីល្បាញរបស់នាង។

អ្នកស្រីឌី សាវ៉េត បានប្រាប់អ្នកយកព័ត៌មានយើង កាលពីថ្ងៃទី11 ខែមិថុនា ឆ្នាំ2019ថា អ្នកស្រីនៅតែមានជំនឿថា ទាំងឱក សុគន្ធកញ្ញា និងមាស សុខសោភា រក្សាតំណែងជាតារាចម្រៀងល្បីតទៅទៀតបាន ព្រោះពួកគេមានគូស្នេហ៍សុទ្ធតែស័ក្តិសមគ្នាខ្លាំងណាស់។

អ្នកស្រីឌី សាវ៉េត បញ្ជាក់ថា “ឱក សុគន្ធកញ្ញា គាត់មានស្វាមីល្អនៅក្នុងចង្កោមសិល្បៈដូចគ្នា អ៊ីចឹងមិនអីទេ កុំភ័យខ្លាចធ្លាក់កូដអី ព្រោះសំខាន់នៅលើសាមីខ្លួនរបស់យើងទេ។ ពេលការហើយអ៊ីចឹង ប្តីប្រពន្ធចេះយល់ចិត្តគ្នា មិនប្រចណ្ឌគ្នា កុំឱ្យមានទំនាស់ទៅ វាមានទៅប៉ះពាល់អី។ ល្បីមិនល្បី គឺនៅលើសមត្ថភាពរបស់យើងទេ កុំបារម្ភថា មានប្តី ហើយទីផ្សារចម្រៀងប្រែប្រួលអី។ ចំពោះមាស សុខសោភា វិញ សំខាន់ស្វាមីគាត់ជាអ្នកមានចំណេះដឹង ចេះយល់នូវអាជីពចម្រៀងរបស់ប្រពន្ធទៅ គ្មានបញ្ហាធំដុំអីកើតឡើងទេ។ សមត្ថភាពតារាចម្រៀងទាំងពីរនេះ ខ្ញុំគិតថា ទោះជាពួកគេមានប្តីដូចគ្នាមែន ប៉ុន្តែមិនងាយធ្លាក់ចុះទេ ព្រោះសម័យនេះទៅហើយ ពួកគេអាចស្វែងយល់ពីការថែទាំសុខភាព កុំឱ្យប៉ះពាល់ដល់សំឡេង ញ៉ាំអីដែលកុំឱ្យប៉ះពាល់សុខភាព អាហ្នឹងសំឡេងយើងនៅតែមិនអីទេ។ សម្រាប់ខ្ញុំជារៀមច្បងម្នាក់ក្នុងសិល្បៈ ខ្ញុំសូមជំទាស់ចំពោះការលើកឡើងថា តារាឱ្យតែមានប្តីប្រពន្ធហើយ ធ្លាក់កូដហ្នឹង មិនពិតទេ គឺសំខាន់នៅលើយើងទេ”។

ម្តាយរបស់ឱក សុគន្ធកញ្ញា អ្នកស្រីអ៊ិន ថាច ធ្លាប់អះអាងមុនពេលឱក សុគន្ធកញ្ញា រៀបការថា អ្នកស្រីមិនមានការព្រួយបារម្ភចំពោះរឿងថា សុគន្ធកញ្ញា រៀបការប្តីហើយ កេរ្តិ៍ឈ្មោះចុះខ្សោយជាងមុននោះទេ ព្រោះសំខាន់នៅលើសមត្ថភាពរបស់យើង ហើយមហាជននឹងវាយតម្លៃ និងគាំទ្រទៅលើតារាម្នាក់ណា តាមរយៈសមត្ថភាព។

ចំណែកមាស សុខសោភា វិញ ធ្លាប់និយាយថា នាងមិនមែនខ្លាចរឿងចូលរោងការ នាំឱ្យធ្លាក់កូដនោះទេ ព្រោះពេលនេះ អ្នកណាៈក៏ដឹងដែរថា នាងកំពុងរស់នៅជាមួយអ្នកណាដែរ។
ឱក សុគន្ធកញ្ញា ហ៊ានជាងមាស សុខសោភា ត្រង់ថា នាងហ៊ានរៀបការតាមប្រពៃណីខ្មែរជាចំហ នៅពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញនេះ គឺខុសពីមាស សុខសោភា ដែលបានត្រឹមរៀបការជាមួយលោកអ៊ឹត រ៉ាដា ត្រឹមចូលព្រះវិហារមួយនៅកាណាដា កាលពីឆ្នាំ2008 តាមបែបសាសនាគ្រិស្ត ដោយបំពាក់ចិញ្ចៀនឱ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ ហើយថ្មីៗនេះ សោភា ថា នាងគ្មានគម្រោងរៀបការជាចំហឡើយ។

លោកម៉ិញ សុធីវណ្ណ ធ្លាប់និយាយថា ការរក្សាតំណែងបានឬអត់ របស់ឱក សុគន្ធកញ្ញា ក្រោយរៀបការហើយនេះ គឺមានតែហង្សមាស ម្នាក់គត់ជាអ្នកកំណត់។ ប៉ុន្តែតាមការយល់របស់លោក ទាំងសុគន្ធកញ្ញា និងសោភា មិនមែនមានប្តីហើយ ធ្លាក់ចុះទីផ្សារ និងការគាំទ្រទេ ព្រោះបើក្រឡេកមើលតារាបរទេសវិញ នាងប៊ីយ៉នសេ មានប្តីកូនហើយ នៅតែល្បីដដែល>