អតីតតារាចម្រៀងផលិតកម្មតោមាស រៃមាស លោកយុទ្ធិ ស័ក្ក ដែលបានដកខ្លួនចេញពីអាជីពសិល្បៈជាង១០ឆ្នាំមកហើយ ក្រោយផ្ទុះរឿងស្នេហាជាមួយអ្នកស្រីខៀវ ចិន្តា ដែលជាថៅកែផលិតកម្មតោមាសរៃមាស នោះ ពេលនេះអ្នកទាំង២ កំពុងរស់នៅលើទឹកដីប្រទេសបារាំង យ៉ាងមានសេចក្តីសុខ ក្រោយពីបានទទួលចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់ស្អាត។

ថ្មីៗនេះដែរ យុទ្ធិ ស័ក្ក បានបណ្តើរអ្នកស្រីខៀវ ចិន្តា ទៅលេងដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ទៀតផង ហើយចំណងស្នេហ៍ខុសវ័យនេះ មិនមានការលាក់បាំងទៀតទេ គឺបង្ហាញជាចំហ ហើយថែមទាំងមានភាពផ្អែមល្ហែមមិនចាញ់គូស្នេហ៍យុវវ័យឡើយ។

គួរបញ្ជាក់ថា យុទ្ធិ ស័ក្ក អតីតប្តីអ្នកនាងស៊ិន ឧត្តមផល្លា ជាតារាចម្រៀងនិងសម្តែងរួមជំនាន់ជាមួយលោកញ៉ែម សុគន្ធ, យូ ឌីស្កូ, អាឡិច ចាន់ត្រា ជាដើម ដែលលេចមុខជាច្រើននៅផលិតកម្មតោមាស រៃមាស រហូតផ្ទុះស្នេហ៍ជាមួយថៅកែផលិតកម្ម។

តារារួមអាជីពជាមួយយុទ្ធិ ស័ក្ក សុទ្ធតែនៅបន្តអាជីពចាស់ រហូតដល់សព្វថ្ងៃ គឺមានតែយុទ្ធិ ស័ក្ក ម្នាក់ ប៉ុណ្ណោះ ដែលដើរចេញពីអាជីពសិល្បៈទៅសោយសុខជាមួយថៅកែស្រីនៅលើទឹកដីអឺរ៉ុប ជាង១០ឆ្នាំមកនេះ។

ប៉ុន្តែគេមិនទាន់ឃើញយុទ្ធិ ស័ក្ក និងអ្នកស្រីខៀវ ចិន្តា រៀបការជាមួយគ្នាជាចំហ ឬបណ្តើរគ្នានៅក្នុងស្រុកផ្អែមល្ហែមដូចនៅក្រៅស្រុកឡើយ បន្ទាប់ពីអ្នកស្រីចិន្តា ធ្លាក់ខ្លួនមេម៉ាយ ក្រោយអតីតស្វាមីរបស់នាងត្រូវបានគេធ្វើឃាតផ្អើលកក្រើកពេញផ្ទៃប្រទេស កាលពីឆ្នាំមុននោះ៕
