អ្នកនាងភិន សុដាលីស បានបង្ហាញអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ នៅពេលដែលបានចាប់ដៃតារាកំប្លែងល្បីឈ្មោះ នាយគ្រឿង ក្នុងរឿង ”ព្រលឹង” ដែលបានធ្វើពិធីសម្ពោធកាលពីល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅរោងភាពយន្ដ Major Cineplex ផ្សារអ៊ីអន សែនសុខ ដោយមានតារាល្បីៗ និងអ្នកសារព័ត៌មានជាច្រើនបានចូលរួម។

ភិន សុដាលីស បានឲ្យដឹងថា នេះជាលើកទីមួយហើយ ដែលនាងបានចាប់ដៃជាមួយនាយគ្រឿន ហើយរឿងនេះទាំងមូលមានការពិបាកជាងគេ ត្រង់សាច់រឿងភាគច្រើនថតនៅក្នុងព្រៃ មានពេលខ្លះចំណាយពេល១យប់ទល់ភ្លឺ ក៏មានដែរ។

ចំណែកនាយគ្រឿង វិញ ក៏មិនខុសពីសុដាលីស ដែរ ដោយរំពឹងថា រឿង ”ព្រលឹង” នេះ លោកស៊ូថតក្នុងព្រៃជ្រៅណាស់ ហើយសាច់រឿងទាំងមូលប្លែកជាងរឿងមុនៗ ដែលលោកបានជួបប្រទះ។

តារាកំប្លែង CTN រូបនេះ បង្ហើបឲ្យដឹងថា ក្រោយថតចប់រឿង ”ព្រលឹង” នេះ លោកត្រៀមថតរឿង២បន្ថែមទៀត ឲ្យផលិតកម្មមហាហង្ស ផងដែរ។

លោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស បានឲ្យដឹងថា រឿង ”ព្រលឹង” នេះ ចំណាយពេលថត១ឆ្នាំគត់ ហើយផ្ទៃរឿងទាំងមូលមានការខុសប្លែកជាងរឿងមុនៗ។

លោកសុភិន បន្ថែមថា រឿងនេះនឹងដាក់បញ្ចាំងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះហើយ នៅគ្រប់រោងកុនទាំងអស់ ហើយលោករំពឹងថា ភាពយន្ដនេះនឹងទទួលបានជោគជ័យដូចរឿង ”ផ្ទះចុងភូមិ” ជាមិនខាន ព្រោះលោកមានក្រុមការងារល្អ, អ្នកដឹកនាំមានទេពកោសល្យខ្ពស់ រួមទាំងមានអ្នកជំនាញខាងផាត់មុខខ្មោច ដូចអ្វីដែលលោកចង់បានផងដែរ៕
