Thursday, September 18, 2025
Homeតារាខ្មែរនាយគ្រឿន សុខចិត្តចោលលុយរាប់មុឺនដុល្លារ ព្រោះតែរឿងយន្តហោះ

នាយគ្រឿន សុខចិត្តចោលលុយរាប់មុឺនដុល្លារ ព្រោះតែរឿងយន្តហោះ

តារាកំប្លែងនាយគ្រឿន នៅតែអះអាងថា រហូតមកដល់ពេលនេះលោកមិនហ៊ានប្រថុយចេញទៅច្រៀងសម្តែងនៅក្រៅស្រុកឡើយ ដោយសារឧបសគ្គចម្បង គឺការខ្លាចយន្តហោះ មិនហ៊ានប្រថុយជិះ និងម៉្យាងទៀតមិនចេះភាសាបរទេស ហេតុនេះហើយបានជាបរាជ័យក្នុងការទៅរកលុយនៅក្រៅប្រទេស។

យ៉ាងណា នាយគ្រឿន មិនបោះបង់ចោលការកើបលុយនៅបរទសទេ ព្រោះថាពេលណាលោកអាចដាក់ចិត្តនឹងហ៊ានជិះយន្តហោះបានហើយ ពេលនោះហើយលោកនឹងអាចទៅជួបបងប្អូនអ្នកគាំទ្រនៅក្រៅស្រុក ដូចតារាជាច្រើនទៀតជាមិនខានឡើយ។

នាយគ្រឿន អះអាងថា “រឿងជិះយន្តហោះហ្នឹង ខ្ញុំនៅតែមិនហ៊ានដដែល ទើបមិនបានចេញទៅច្រៀងនៅបរទេសដូចគេ។ ម៉្យាងទៀតយើងក៏មិនចេះភាសាផង អ៊ីចឹងពិបាកណាស់។ ប៉ុន្តែខ្ញុំមិនបោះបង់ទីផ្សារនៅក្រៅស្រុកចោលទាំងស្រុងទេ ពេលណាយើងថា អាចហ៊ានជិះយន្តហោះអីហើយ អាហ្នឹងបានទៅនឹងគេដែរហើយ ព្រោះថាកន្លងមកមានបងប្អូននៅក្រៅប្រទេសចង់ឱ្យខ្ញុំទៅសម្តែងនៅបរទេសដូចតារាផ្សេងៗទៀតដែរ ប៉ុន្តែខ្ញុំទៅមិនបាន ដោយសារតែរឿងមិនហ៊ានជិះយន្តហោះហ្នឹង”។

នាយគ្រឿន បានវិវឌ្ឍន៍ខ្លួនពីតារាកំប្លែង, សម្តែង និងចម្រៀង មកជាអ្នកដឹកនាំរឿងដូចបងប្រុសរបស់ខ្លួន គឺ នាយពាក់មី ដែរ។ ប៉ុន្តែនាយគ្រឿន អះអាងថា អាជីពសម្តែងនិងជាអ្នកដឹកនាំរឿង លោកនៅតែស្រលាញ់ខាងសម្តែងជាងដដែល ហើយការដឹកនាំរឿងគ្រាន់តែជាបទពិសោធន៍មួយបន្ថែមទៀតប៉ុណ្ណោះ។

នាយគ្រឿន អះអាងថា “តាំងពីថតកុនមក ខ្ញុំសម្តែងបាន30រឿងមកហើយ។ ចំណែកដឹកនាំរឿងវិញ ខ្ញុំបានដឹកបាន5រឿង ដូចជា រឿង“ជួបស៊យវគ្គ1”,  “មនុស្សឆ្កួត”, “ខ្មោចថតកុន”, “ជួបស៊យវគ្គ2”។ ខ្ញុំនៅតែស្រលាញ់ខាងសម្តែងកុនជាងដឹកនាំកុនអីចឹង។ ពេលនេះខ្ញុំបានបទពិសោធន៍ច្រើនដែរពីការថតកុនហ្នឹង ហើយយើងត្រូវការរៀនសូត្របន្ថែមទៀត”។

នាយគ្រឿន ថា ទោះជាជាប់ថតកុន និងដឹកនាំសម្តែងរឿងយ៉ាងណា ក៏នាយនៅតែចាត់ទុក CTN ជាឆ្នាំងបាយរបស់ខ្លួនដដែល ព្រោះទីនោះមានប្រាក់ខែហើយ សម្តែងរៀងរាល់សប្តាហ៍ បានលុយបន្ថែមទៀត។ ដោយឡែកសម្រាប់រដូវធ្លាក់ភ្លៀងនេះ ប្រាក់ចំណូលរបស់លោកធ្លាក់ចុះជាងរដូវក្តៅ គឺដូចតារាផ្សេងៗទៀតដែរ។ ប៉ុន្តែយ៉ាងណា នាយនៅតែមានការងារធ្វើហូរហែ ព្រោះត្រូវរកប្រាក់បង់ផ្ទះរំលស់ជារៀងរាល់ខែ ដែលពេលនេះទើបបាន70%នៅឡើយ។

នាយគ្រឿន បន្ថែមថា “ខ្ញុំបង់ផ្ទះរំលស់នៅបុរីពិភពថ្មី (ឫស្សីកែវ) ហើយបង់បាន70%ហើយ នៅ30%ទៀត។ ពិបាកដែរខែហ្នឹង រដូវភ្លៀងប្រាក់ចំណូលដូចតារាផ្សេងៗទៀតដែរ គឺធ្លាក់ចុះដូចតែគ្នា។ ប៉ុន្តែខ្ញុំចេះតែមានការងារធ្វើហូរហែអីចឹង គ្រាន់បង់ផ្ទះនិងដោះស្រាយក្នុងគ្រួសារ”៕

RELATED ARTICLES