ពិធីការិនីហេង ផាន់ណា (ហេង កែវនីតា) របស់ទូរទស្សន៍បាយ័ន អះអាងថា នាងមិនជ្រួលជ្រើមចំពោះតារាផ្សេងៗទៀតដែលសម្រុកគ្នារៀបការនៅឆ្នាំ២០១៩នេះឡើយ ផ្ទុយទៅវិញនាងឃើញគេការហើយ បែកគ្នាក៏មានច្រើន អ៊ីចឹងហើយបានជាមិនហ៊ានប្រថុយចូលរោងការទេ ព្រោះខ្លាចការឆាប់ពេកបែកគ្នាអី នាំឱ្យមេម៉ាយទាំងវ័យក្មេង…។

តារាជាច្រើននិយាយថា ពួកគេពិបាកទ្រាំឬនៅមិនសុខទេពេលដែលឃើញមិត្តរួមអាជីពរៀបការគ្រងឈុតអាពាហ៍ពិពាហ៍យ៉ាងស្រស់ស្អាតនោះ ចង់តែស្អាតដូចគេដែរ ហេតុនេះហើយបានជារសាប់រសល់ក្នុងខ្លួននៅមិនសុខឡើយ។

ប៉ុន្តែផ្ទុយពីការយល់ឃើញរបស់តារាទាំងនោះ ស្រីស្អាតហេង ផាន់ណា ដែលបានប្តូរឈ្មោះដើម្បីយកហុងស៊ុយស្នេហ៍ទៅជាហេង កែវនីតា នោះ បែរជាវាចាថា នាងមិនហ៊ានប្រថុយព្រោះខ្លាចការលឿនពេក នាំឱ្យធ្លាក់ខ្លួនមេម៉ាយក៏រហ័សទៅវិញ។

ហេង ផាន់ណា និយាយមួយៗថា “ខ្ញុំឃើញគេការច្រើនតើឆ្នាំហ្នឹង! ប៉ុន្តែខ្ញុំឃើញថាអ្នកខ្លះប្រញាប់ការពេកបែកគ្នា លែងគ្នាក៏រហ័សដែរ អ៊ីចឹងខ្ញុំមិនទាន់មានគម្រោងរៀបការឆាប់ៗហ្នឹងដូចគេទេ ព្រោះខ្លាចដែរហ្នឹង”។

ហេង ផាន់ណា បាននិយាយថា ការដែលនាងពន្យារពេលលាភាពនៅលីវ ព្រោះតែមិនទាន់រកបានអ្នកត្រូវចិត្ត មើលមិនទាន់ឃើញអ្នកពិសេសដែលអាចទុកចិត្តបាន។ ប៉ុន្តែវាចាររបស់ស្រីស្រស់ផាន់ណា បែបនេះ គឺហាក់ផ្ទុយគ្នាស្រឡះទៅនឹងរឿងពិតរបស់នាង ព្រោះតាមព័ត៌មានថា ពិធីការិនីបាយ័នរូបនេះ មិនមែនទុកបេះដូងឱ្យនៅទំនេរឡើយ។

ប្រភពបានឱ្យដឹងថា ផាន់ណា ធ្លាប់បណ្តើរគូស្នេហ៍ទៅកៀកកើយគ្នានៅខេត្តរតនគិរី ដោយជិះរថយន្តទៅតែពីរនាក់ដូចប្តីប្រពន្ធទើបរៀបការហើយថ្មោងថ្មីទៀតផង ប៉ុណ្ណឹងហើយតារាសម្បូរវោហារសព្ទរូបនេះ នៅតែថា មិនទាន់ឃើញមនុស្សត្រូវចិត្តទៀត បើទោះជាគេដឹងថាពេលនេះនាងសប្បាយចិត្តដោយសារគូស្នេហ៍ពូកែថ្នាក់ថ្នមចិន្តា រហូតធ្វើឱ្យផាន់ណា ឡើងគីឡូប្លែកចង់ខូចរាងស្រីស្អាតអស់ក្តី។

បើទោះជាហេង ផាន់ណា នៅស្ទាក់ស្ទើរក្នុងចិត្តមិនហ៊ានដឹកដៃគូស្នេហ៍ចូលរោងការ ព្រោះតែខ្លាចប្រេះឆាស្នេហ៍ នាំឱ្យនាងធ្លាក់ខ្លួនមេម៉ាយទាំងវ័យក្មេងក្តី ប៉ុន្តែសម្រាប់ឆ្នាំ២០១៩ នេះ មានតារាបានចូលរោងការនិងត្រៀមចូលរោងការដល់ទៅ១១ដួងឯណោះ ក្នុងនោះមានដូចជា នី រតនា , សុខ ស្រីលក្ខណ៍ , សៅ ឧត្តម , កុល ដាវី , សូ អេណា , ឈឹម អរិយា , ឃី សុឃុន , ឱក សុគន្ធកញ្ញា , ណូ ម័រ , អាលីហ្សា ចំណែកសួស វីសា ដែលនឹងរៀបការខែវិច្ឆិកា។

ដោយឡែក តារាដែលធ្លាក់ខ្លួនមេម៉ាយនាំឱ្យនាងផាន់ណា មិនហ៊ានប្រថុយរៀបការដោយអន្ទះសានោះ មានដូចជា ពេជ្រ សោភា , សុខ ស្រីនាង , ប៉ាច គីមមួយ , សុខ សោម៉ាវត្តី , កែវ ពេជ្រពិសី , ឌុច សុភា , កែវ និសា និងតារាល្បីៗមួយចំនួនទៀត។

ប៉ុន្តែចំពោះពិធីការិនីហេង ផាន់ណា វិញ មិនធ្លាប់ប៉ះរឿងអាស្រូវស្នេហាឡើយ ហេតុនេះហើយគេជឿថា បុរសដែលជាអនាគតស្វាមីរបស់នាងត្រូវតែជាប្រុសនៅលីវគ្មានប្រពន្ធកូន ទើបអាចស្ទូចបេះដូងរបស់នាងបាន ព្រោះតាមព័ត៌មានថា មានមន្ត្រីធំៗមិនតិចនាក់ឡើយដែលតាមស្នេហាផាន់ណា ប៉ុន្តែគ្រាន់តែដឹងថាប្រុសៗទាំងនោះមានប្រពន្ធកូនហើយ អតីតពិធីការិនីទូរទស្សន៍ប៉ុស្តិ៍លេខ៣នេះមិនបេតីទេ គឺថែមទាំងដើរវាងឱ្យឆ្ងាយទៀតផង៕