ភាពយន្ដខ្នាតធំរឿង ”កំហឹងខ្មោច Cute” បានដាក់សម្ពោធកាលពីល្ងាចថ្ងៃទី២២ ខែកក្កដា នៅរោងភាពយន្ដ Legend ផ្សារស៊ីធីម៉ល ដោយមានតារាល្បីៗ និងអ្នកសារព័ត៌មានជាច្រើនចូលរួម។

រឿងនេះមានតារាប្រុសស្រីថ្មីៗជាច្រើនដួងចូលរួមសម្ដែង ហើយក្នុងនោះតួឯកស្រីធ្លាក់ក្នុងដៃស្រីស្អាត គីញ វិច្ឆិកា ហៅ Popsi ចំណែកតួឯកប្រុស លោកសាត វិសិទ្ធ។

អតីតបេក្ខភាពពេជ្រកំពុងច្នៃ កញ្ញា Popsi បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ចំពោះតំណែងតួឯកក្នុងរឿង ”កំហឹងខ្មោច Cute” នេះ ហើយនាងមានសង្ឃឹមរហូតដល់ទៅ៨០% ថា នឹងជោគជ័យទៀតផង។

នាងបន្តថា ឈុតដែលពិបាកបំផុតសម្រាប់នាង គឺត្រូវគេព្យាយាមតាមរំលោភតែម្ដង កន្លែងនេះមិនមែនស្រួលទេ ភ័យណាស់…។ ប៉ុន្តែ ក្រោយពេលលេងរឿងនេះ រួចលែងមានអារម្មណ៍ខ្លាចខ្មោចទៀតហើយ គឺធម្មតា។ ចំណែកលោកសាត វិសុទ្ធ វិញ ក៏អះអាងថា ផ្ទៃរឿងទាំងមូលមានការអប់រំច្រើនដែរ ហេតុនេះហើយលោកពេញចិត្តក្នុងការបានតំណែងធំក្នុងរឿងនេះ ជាពិសេស គឺបានចាប់ដៃស្រីស្អាត Popsi នៅពេលនេះ។

លោកអ៊ុំ ចាន់តារា អ្នកដឹកនាំរឿង ”កំហឹងខ្មោច Cute” បានឲ្យដឹងថា រឿងនេះមានការអប់រំសំខាន់បំផុតកុំឲ្យប្រុសៗឃើញស្រីស្អាតទ្រាំមិនបាន ចេះតែចង់ចាប់រំលោភ គឺឲ្យចេះទប់អារម្មណ៍ ព្រោះក្រោយពេលរំលោភគេហើយ សួរថា មានរត់រួចរហូតបានអត់? គឺមិនអាចទេ ច្បាប់នឹងកាត់ទោសអ្នកឯងដែលមិនចេះទប់អារម្មណ៍ហ្នឹង អីចឹងមុននឹងធ្វើអ្វីមួយត្រូវគិតឲ្យបានច្បាស់លាស់ជាមុនសិនហើយឈុតឆាកសំខាន់ៗនឹងបង្ហាញក្នុងរឿងនេះតែម្ដង។

ចំណែកលោកតាន់ វុទ្ធី ចាងហ្វាងផលិតកម្មអូហ្វីម (OFilm) បានឲ្យដឹងថា រឿង ”កំហឹងខ្មោច Cute” នេះថតជាង១ខែ ទើបចប់ ដែលចំណាយលុយអស់៣ម៉ឺនដុល្លារ។ មូលហេតុដែលលោកផលិតរឿងខ្មោចឡើង ព្រោះទីផ្សារកុនខ្មែរស៊ីរឿងខ្មោចជាងរឿងបែបស៊ើបអង្កេត។ រឿងនេះមានតួអង្គជាច្រើន តែតួអង្គសំខាន់មានស្រី៣នាក់ និងប្រុស៨នាក់ ហើយក្រោយសម្ពោធនេះ យើងនឹងដាក់បញ្ចាំងនៅគ្រប់រោងកុនទាំងអស់ ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះតទៅ៕

