Thursday, September 18, 2025
Homeតារាខ្មែរលាង សុផាឡែន បោះចោលការងារក្នុងស្រុកអស់ បែរជាជួបរឿងខកបំណង

លាង សុផាឡែន បោះចោលការងារក្នុងស្រុកអស់ បែរជាជួបរឿងខកបំណង

តារាចម្រៀងលាង សុផាឡែន ដែលគ្រោងដឹកដៃលោកធីអូ ចេញទៅច្រៀងសម្តែងនៅអាមេរិកជាលើកទីមួយ នៅរដូវធ្លាក់ភ្លៀងបានខកចិត្តមិនតិចឡើយ ព្រោះថាការធ្វើតេស្តនៅស្ថានទូតអាមេរិក ត្រូវបរាជ័យទាំងស្រុង ទើបធ្វើឱ្យនាងបាត់បង់ឱកាសចេញទៅកើប លុយទាំងស្រុងនៅពេលនេះ។ ទោះជាយ៉ាងណា សុផាឡែន ថា នាងចាប់ផ្តើមទទួលយកការងារថ្មីៗ។

លាង សុផាឡែន មិនហ៊ានទទួលថតកុនឬច្រៀងកម្មវិធីណាដែលមានការកុងត្រាឡើយ ព្រោះតែនាងមានគម្រោងចេញទៅច្រៀង សម្តែងនៅសហរដ្ឋអាមេរិក នៅរដូវធ្លាក់ភ្លៀងនេះ រយៈពេលដល់ទៅ៣ខែឯណោះ តាមរយៈការដឹកដៃតារាចម្រៀងថោន លោកធីអូ ដោយចេញទៅតែពីរនាក់។ ប៉ុន្តែគម្រោងទៅកើបលុយធំរបស់សុផាឡែន នេះ ត្រូវបានខកខានទៅវិញទើបធ្វើឱ្យតារាចម្រៀងហង្សមាសរូបនេះ មានការខកចិត្តជាខ្លាំងដោយសារតែការធ្វើតេស្តនៅស្ថានទូតអាមេរិក ត្រូវបានធ្លាក់ទៅហើយ។

លាង សុផាឡែន និយាយទាំងក្រៀមក្រំថា “ខ្ញុំធ្វើតេស្តធ្លាក់ហើយបង! អត់បានចេញទៅអាមេរិកទេ! ស្តាយដែរ តែមិនដឹងជាធ្វើម៉េច? ខ្ញុំមានការខកចិត្តដែរ ប៉ុន្តែមិនមែនតែខ្ញុំម្នាក់ទេ តារាផ្សេងៗទៀតក៏ជួបរឿងដូចខ្ញុំអ៊ីចឹងដែរ។ យើងមានតែនិយាយបានថា ព្យាយាមម្តងទៀតហ្នឹង។ ដើម្បីត្រៀមចេញទៅច្រៀងសម្តែងនៅអាមេរិក ហ្នឹង ខ្ញុំមិនហ៊ានទទួលថតកុនទេ ហើយកម្មវិធីច្រៀងណាដែលគេចង់កុងត្រាក៏ខ្ញុំអត់ទទួលដែរ ព្រោះយើងខ្លាចគ្មានពេលវេលាឱ្យគេ ដោយសារតែខ្ញុំសង្ឃឹមថាបានទៅហើយ ប៉ុន្តែឥឡូវយើងអត់បានទៅវិញ ដោយសារតែយើងមានកំហុសលើឯកសារមួយចំនួន។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងចេញច្រៀងកម្មវិធីទាំងឡាយ ហើយការថតកុនអី យើងអាចធ្វើបានហើយ អ៊ីចឹងខ្ញុំមិនជាខកចិត្តណាស់ទេ ដោយសារតែនៅក្នុងស្រុកក៏មានការងារធ្វើជាហូរហែដែរ”។

ថ្វីត្បិតតែលាង សុផាឡែន វាចាបែបនេះក្តី ប៉ុន្តែតារាសំឡេងធ្ងន់រូបនេះបានបាត់បង់ការឡើងបង្ហាញខ្លួនលើឆាកតន្ត្រីធំៗរបស់ហង្សមាសជាច្រើន ព្រោះតែពេលនេះ តារាហង្សមាសរូបនេះមានកាន់តែច្រើន ហើយក្នុងនោះ រ៉េត ស៊ូហ្សាណា ត្រូវប៉ាន់ជាងគេ។

សុផាឡែន ទទួលស្គាល់ចំពោះការធ្លាក់ប្រាក់ចំណូលជាងឆ្នាំមុន ប៉ុន្តែនាងថា បទចម្រៀងរបស់នាងនៅតែធ្វើតាមគោលការណ៍ គឺទោះជាពេលនេះ ហង្សមាស មានអ្នកចម្រៀងច្រើនយ៉ាងណា តែបទចម្រៀងរបស់នាង គ្មានការជាន់គ្នាជាមួយតារាណាម្នាក់ឡើយ។

លាង សុផាឡែន វាចាថា “ខ្ញុំមានស្ទីលរបស់ខ្ញុំ អ៊ីចឹងខ្ញុំមិនខ្លាចបទចម្រៀងរបស់ខ្ញុំជាន់គ្នាជាមួយតារាណាទេ ព្រោះយើងធ្វើទៅតាមស្ទីលរបស់យើង។ ខ្ញុំបានធ្វើបទចម្រៀងមួយចំនួនទៀត នៅខែធ្លាក់ភ្លៀងហ្នឹង ហើយត្រៀមចេញក្នុងពេលឆាប់ៗខាងមុខនេះ”។

លាង សុផាឡែន ត្រូវបានផលិតកម្មថោនពេញចិត្ត និងចង់អូសទាញនាងឱ្យធ្វើជាសមាជិកថ្មីរបស់ខ្លួន។ ប៉ុន្តែមុននេះ សុផាឡែន បានសម្រេចចិត្តផ្ញើខ្លួនជាមួយហង្សមាស ដោយបន្តកុងត្រា៥ឆ្នាំទៀត បើទោះជាពេលនេះនាងពិបាកប្រកួតប្រជែងដណ្តើមភាពលេចធ្លោនៅហង្សមាស ក៏ដោយ។

RELATED ARTICLES