Thursday, September 18, 2025
Homeតារាខ្មែររ៉ាប៊ី ថា គ្មានរឿងត្រូវស្តាយហង្សមាស

រ៉ាប៊ី ថា គ្មានរឿងត្រូវស្តាយហង្សមាស

ស្រីស្រស់ពូកែរាំគូរឱ្យក្នាញ់ ផាន វីរ៉ាទី ហៅរ៉ាប៊ី បានអះអាងថានាងមិនមានអារម្មណ៍ស្តាយក្រោយចំពោះការមិនបានឈរជើងនៅផលិតកម្មរស្មីហង្សមាស ទេ ព្រោះពេលនេះនាងមានសេចក្តីសុខជាមួយផលិតកម្មថោន ហើយ។

ការថ្លែងបែបនេះរបស់រ៉ាប៊ី ក្រោយពីមានការលើកឡើងថា រ៉ាប៊ី ដែលមានសម្រស់លេចធ្លោនៅថោន ហាក់គ្មានឱកាសក្តាប់បានស្ពតពាណិជ្ជកម្មធំៗទេ ហើយគេថា បើរ៉ាប៊ី ជាតារាហង្សមាសវិញ ប្រាកដជាអាចលេចមុខក្នុងស្ពតធំៗជាមិនខានឡើយ។

អតីតពិធីការិនីហង្សមាស ក្លាយជាតារាថោន រ៉ាប៊ី វាចាថា “ខ្ញុំមិនគិតអ៊ីចឹងទេ ព្រោះអីថោន បានផ្តល់ឱ្យខ្ញុំមានការប្រែប្រួលគ្រប់យ៉ាងដូចពេលនេះ។ ខ្ញុំមិនស្តាយដែលមិនបានចូលហ្សមាស នោះទេ ហើយពេលនេះខ្ញុំពេញចិត្តពេលដែលបានក្លាយជាតារាចម្រៀងថោន ម្នាក់មានគេស្គាល់និងគាំទ្រ។ ចំពោះការមិនសូវមានឱកាសបានថតស្ពតពាណិជ្ជកម្មនោះ ដោយសារតែកន្លងមកមានគេទាក់ទងច្រើនដែរ តែនិយាយថ្លៃគ្នាអីក៏មិនត្រូវអ៊ីចឹងទៅ ហើយដូចដឹងហើយថាពេលនេះតារាមានច្រើន គេមិនត្រូវយើង គេទៅរកតារាផ្សេងអ៊ីចឹងទៅ។ ខ្ញុំមិនទាមទារថ្លៃពេកទេ គឺគ្រាន់តែចង់បានតម្លៃមួយដែលសមរម្យ ហើយយើងក៏មើលទៅលើប្រេនរបស់គេដែរ”។

ទោះជារ៉ាប៊ី មិនសូវលេចមុខតាមស្ពតស្តង់ដារធំៗមែន ប៉ុន្តែកន្លងមកនាងក៏បានថតស្ពតឱ្យទូរស័ព្ទខេមហ្វូន ហើយនាងស៊ីថ្លៃដល់ទៅ1ម៉ឺនដុល្លារទៀតផង។

ប៉ុន្តែយ៉ាងណា តារាដែលក្តោបស្ពតពាណិជ្ជកម្មធំៗចុងក្រោយនេះ គឺធ្លាក់ទៅលើឱក សុគន្ធកញ្ញា, ពេជ្រ សោភា។ ចំណែករ៉ាប៊ី  វិញ ស្ពតពាណិជ្ជកម្មមិនសូវត្រូវ បែរជាត្រូវរឿងប្រុសទាំងក្មេងទាំងចាស់សម្រុកគ្នាចោមស្នេហ៍ទៅវិញ បន្ទាប់ពីនាងបានលេងក្បាច់រាំតាមរយៈបទ “លុយ លុយ លុយ” មក រហូតធ្វើឱ្យតាតាខ្លះចង់គាំងបេះដូងដោយសារសម្រស់សិចស៊ីរបស់នាងទៀតផង។

រ៉ាប៊ី ថា នាងមិនស្នេហ៍តាតាទេ ព្រោះពិបាកបណ្តើរគ្នាណាស់ អ៊ីចឹងនាងចង់បានសង្សារប្រុសក្មេងវិញ ស្រួលបង្ហាញភាពផ្អែមល្ហែមជាងចាស់៕

RELATED ARTICLES