តារាទឹកភ្នែកនី មុនីនាថ ចាប់ផ្តើមបង្ហាញទឹកមុខស្រស់ថ្លាឡើងវិញជាបណ្តើរៗហើយ ក្រោយពេលដែលសំណុំរឿងអតីតគូដណ្តឹងរបស់នាង លោកអ៊ុង សូឡាង ប្តឹងទារសំណងជំងឺចិត្ត10ម៉ឺនដុល្លារ ពីបទឆបោកទៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានស្ងប់ស្ងាត់ទៅវិញ ខណៈដែលលោកសូឡាង សង្ស័យមានអ្នកធំអន្តរាគមន៍នោះ។

នី មុនាថ ដែលសម្ងំថតរឿង “រនាតឯក” របស់ផលិតកម្មចក្រវាឡពេជ្រភាពយន្តនោះ បានទទួលតំណែងថ្មីនៅទូរទស្សន៍បាយ័ន តាមរយៈរឿង “កូនប្រសាអ្នកនេសាទ” ដែលនាងចាប់ដៃជាមួយលោកអ៊ុន សុធា។

នេះជាការប្រឹងប្រែងស្តារមុខមាត់ឡើងវិញរបស់មុនីនាថ បន្ទាប់ពីប៉ះរឿងអាស្រូវស្នេហាកន្លងមក នាងបានបាត់បង់តំណែងតួឯកជាច្រើនរឿង ហើយថែមទាំងព្យាយាមគេចមុខពីកម្មវិធីអ្នកសិល្បៈមួយចំនួនទៀតផង ព្រោះតែខ្មាសគេ។

យ៉ាងណា ទាំងនី មុនីនាថ និងម្តាយរបស់នាង អ្នកស្រីឌី សុភាលី បានអះអាងប្រាប់អ្នកកាសែតស្របគ្នាថា គ្មានការព្រួយបារម្ភច្រើនរឿងគេប្តឹងផ្តល់នោះទេ ព្រោះរឿងនេះ មានមេធាវីជាអ្នកចាត់ចែងតទល់ការចោទប្រកាន់ទាំងនោះហើយ។

អ្នកស្រីសុភាលី ថែមទាំងថា អ្នកដែលចោទថាកូនស្រីគាត់មានមន្ត្រីធំជួយបិទខ្ទប់រឿងនេះនៅតុលាការ គឺជាចេតនាមិនល្អលើកូនស្រីគាត់ថែមទៀតផង។

នី មុនីនាថ បានបរាជ័យក្នុងការចេញទៅរស់នៅអាមេរិក ដូចសារ៉ាយ សក្ខណា ក្រោយពេលដែលនាងបរាជ័យស្នេហ៍ផ្ទួនៗគ្នា ពិបាកស្តារមុខមាត់ជាខ្លាំង។ មុនីនាថ ដែលភ្ជាប់ស្នេហ៍ជាមួយពោះម៉ាយ កែវ កុសល នោះ ត្រូវអតីតតារាសម្តែងរូបនេះងាកទៅភ្ជាប់ពាក្យជាមួយអ្នកមេម៉ាយទ្រព្យស្តុកជាថៅកែហាងកាត់ដេរមួយចោលបាត់។

ដោយក្តៅចិត្ត ហើយចង់ធ្វើស្រែទាន់ក្តៅដី យកប្តីទាន់ក្តៅចិត្ត ទើប មុនីនាថ ភ្ជាប់ស្នេហ៍ថ្មីជាមួយលោកអ៊ុង សូឡាង ដែលត្រៀមជះលុយ10ម៉ឺនដុល្លារ រៀបការឱ្យផ្អើលមេឃទៀតផង តែមិនទាន់បានគ្រងឈុតកូនក្រមុំផង បែរជាត្រូវអតីតគូដណ្តឹងប្តឹងឡើងតុលាការទាមទារសំណងជំងឺចិត្តដល់ទៅ10ម៉ឺនដុល្លារទៅវិញ ទើបធ្វើឱ្យតារាទឹកភ្នែកយំមិនចេញឡើយ។

យ៉ាងណា គេជឿថា ការបរាជ័យស្នេហ៍ផ្ទួនៗបែបនេះប្រាកដជាបង្ខំចិត្តឱ្យមុនីនាថ បោះបង់ការចង់ចេញទៅរស់នៅអាមេរិក ហើយសម្រេចចិត្តជួញជិតជាងជួញឆ្ងាយ ដោយជ្រើសរើសប្រុសក្នុងស្រុកវិញម្តងជាមិនខាន៕