តារាចម្រៀងសំនៀងស្រទន់ធា រ៉ានី ដែលគេស្គាល់ថា ជាម្ចាស់បទ “អូនដឹង” នោះ បានបញ្ចោញមុខមាត់អ្នកនិពន្ធបទចម្រៀងវ័យក្មេងម្នាក់ដែលបានរំលោភលើសេចក្តីទុកចិត្តរបស់នាង តាមរយៈការទារលុយមុនផ្តល់បទចម្រៀងក្រោយ ហើយនៅទីបំផុត លុយឱ្យគ្រប់ តែមិនដឹងបទចម្រៀងនៅឯណាឡើយ។

អ្នកនិពន្ធដែលកញ្ញាធា រ៉ានី ថា ទារលុយនាងមុនសរសេរបទចម្រៀង តែពេលបានលុយហើយចាំបាត់ៗមិនឃើញធ្លាក់បទចម្រៀងឱ្យនោះ ឈ្មោះលោកឆេង ទីម៉ា ធ្លាប់ឡើងច្រៀងនៅប៉ុស្តិ៍ទូរទស្សន៍ CTN ផងដែរ។
ប៉ុន្តែយ៉ាងណា ធា រ៉ានី មិនបញ្ជាក់ឱ្យដឹងពីចំនួនទឹកប្រាក់ដែលនាងត្រូវអ្នកនិពន្ធរូបនេះ ធ្វើស៊ីឡើយ។

ម្ចាស់បទ “អូនដឹង” រូបនេះបានឱ្យដឹងថា “ដោយសារតែខ្ញុំទុកចិត្តគាត់ ឃើញគាត់ជាអ្នកសិល្បៈធ្លាប់ឡើងឆាក CTN អីដែរ ទើបខ្ញុំឱ្យលុយគាត់មុនទើបឱ្យគាត់ផ្ញើបទចម្រៀងឱ្យខ្ញុំតាមក្រោយ ប៉ុន្តែទីបំផុត ពេលបានលុយហើយ គាត់មិនរវីរវល់ធ្វើបទចម្រៀងឱ្យខ្ញុំទេ។
ធារ៉ានី បានបន្តថា “ការដែលខ្ញុំចេញមុខនៅពេលនេះ គឺដោយសារខ្ញុំអស់ការអត់ធ្មត់ ព្រោះខ្ញុំឱ្យលុយគាត់គ្រប់អស់ទៅហើយ ពេលគាត់ថាទៅខេត្ត បាត់កាបូបលុយ ខ្ញុំក៏ផ្ញើឱ្យគាត់។ ឥឡូវ៣ខែទៅហើយ បទចម្រៀងមិនដឹងនៅឯណា”។

កញ្ញាធារ៉ានី បានបញ្ជាក់ថា “ខ្ញុំធ្លាប់ព្រមានគាត់ដែរថា បើបងឯងធ្វើចឹងដាក់ខ្ញុំ ប្រយ័ត្នខ្ញុំផុសឱ្យខ្មាសគេ តែគាត់ហាក់មិនខ្វល់ខ្វាយរកដំណោះស្រាយឱ្យខ្ញុំទេ។ ខ្ញុំគិតថាលុយប៉ុណ្ណឹងមិនប៉ុន្មានទេ តែខ្ញុំមិនចង់ឱ្យតារាផ្សេងទៀតរងគ្រោះដូចខ្ញុំ ទើបខ្ញុំចេញមុខនៅពេលនេះហើយខ្ញុំអាចនិយាយបានថា អ្នកសិល្បៈគេស្រលាញ់មុខមាត់កិត្តិយសណាស់គេ មិនលក់មុខមាត់អ៊ីចឹងទេ។ ការដែលគាត់ធ្វើអ៊ីចឹង បើខ្ញុំមិនចេញមុខទេ ប្រាកដជាប៉ះពាល់ដល់អ្នកនិពន្ធគេល្អៗផ្សេងទៀត គឺចឹងខ្ញុំត្រូវតែនិយាយឱ្យគាត់ដឹងខ្លួនខ្លះទៅ”។

ធា រ៉ានី ថា មុនពេលដែលនាងចេញមុខនិយាយពីការចាញ់បោកអ្នកនិពន្ធ ឆេង ទីម៉ា (Chheng Tima) នៅពេលនេះ ដោយសារតែអ្នកនិពន្ធរូបនេះបានទាក់ទងមកប្អូនស្រីរបស់នាងដែលជាតារាចម្រៀងម្នាក់ដែរ ពីការធ្វើបទចម្រៀង ប៉ុន្តែគ្រាន់តែដឹងថា អ្នកចម្រៀងរូបនោះជាប្អូនស្រីនាង អ្នកនិពន្ធរូបនោះក៏លែងហ៊ានទាក់ទងមកទៀត។

រ៉ានី ថា មិនដឹងជាតារាចម្រៀងណាខ្លះទេ ដែលជួបរឿងដូចនាងនៅពេលនេះ ព្រោះតែអ្នកនិពន្ធរូបនេះ អីចឹងដល់ពេលវេលាដែលនាងត្រូវបង្ហាញមុខគាត់ឱ្យបានល្បីហើយ។
យ៉ាងណា ជុំវិញការចោទប្រកាន់របស់តារាចម្រៀងធា រ៉ានី ទៅលើអ្នកនិពន្ធ ឆេង ទីម៉ា ថាធ្វើស៊ីលុយនាង នៅពេលនេះ អ្នកយកព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺពីអ្នកនិពន្ធរូបនេះបានឡើយ ព្រោះគ្មានលេខទូរស័ព្ទ។

ចំណែកតារាចម្រៀង ធា រ៉ានី ដែលធ្លាប់ចេញបទចម្រៀងជាច្រើនតាមយូធូបវិញ នាងក៏ជាតារាចម្រៀងប្រចាំការនៅហាងហេភីផាលែស ដែលរួមអាជីពជាមួយលោកសាន ផានិត, សុះ ម៉ាច, ពេជ្រ ពន្លឺ, វណ្ណា ស័ក្ក និងអាន វិសាល ជាដើម ដែលអ្នកចម្រៀងនៅទីនោះសរសើរនាងថា ជាអ្នកចម្រៀងដែលស្លូតបូត និងធ្វើការគោរពពេលវេលាណាស់៕