តារាសម្តែងតូចច្រឡឹងស្រីស្រស់ជា ម៉ារី នឹងលាភាពនៅលីវ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នេះហើយ។ ដំណឹងនេះប្រាកដជាធ្វើឱ្យប្រុសៗទាំងឡាយដែលធ្លាប់លួចស្នេហ៍ មានការខកចិត្តមិនខានឡើយ ព្រោះថាពេលនេះអស់ឱកាសដណ្តើមបេះដូងនាងទៀតហើយ ព្រោះនារីនឹមនួនរូបនេះបានសម្រេចចិត្តប្រគល់បេះដូងដ៏ក្រហមឆ្អិនឆ្អៅរបស់នាងជូនទៅបុរសម្នាក់ដែលជាអ្នកជំនួញ ឈ្មោះលោកវិសាល អាយុ២៨ឆ្នាំ។

ស្រីស្អាត ជា ម៉ារី វាចាថា “នេះជារឿងពិត ខ្ញុំនឹងរៀបការនៅថ្ងៃទី៤ ខែសីហា ហ្នឹងហើយ។ មង្គលការរបស់ខ្ញុំរៀបចំនៅមជ្ឈមណ្ឌលកោះពេជ្រ អគារ L ដែលធ្វើ៧០តុ តែខ្ញុំហៅអ្នកសិល្បៈរួមអាជីព តែ១ទៅ២នាក់ទេ ព្រោះអត់ហ៊ានហៅខ្លាចចិត្តគេ។ ស្វាមីខ្ញុំអាយុទើបតែ២៨ទៅ២៩ឆ្នាំ ហើយគាត់ជាអ្នករកស៊ីមិនពាក់ព័ន្ធជាមួយសិល្បៈទេ”។

ជា ម៉ារី បានឱ្យដឹងថា នាងទើបតែស្រលាញ់គ្នាជាមួយលោកវិសាល រយៈពេល១ឆ្នាំកន្លះប៉ុណ្ណោះ ហើយមូលហេតុដែលនាងជ្រើសរើសយកគាត់ជាស្វាមីដោយសារតែអនាគតប្តីចេះយល់ចិត្តនាង ហើយមិនដែលមានភាពរកាំរកូសគ្នាខ្លាំងឡើយតាំងពីស្រលាញ់គ្នាមក។

យ៉ាងណា នាងថា ក្រោយរៀបការរួចអាជីពសិល្បៈនាងមិនអាចបន្តពេញទំហឹងដូចនៅពេលនេះទេ គឺអាចទទួលយកការងារសិល្បៈណាដែលមានរយៈពេលខ្លីៗ ដូចជាការថតស្ពតនិង MV ប៉ុណ្ណោះ តែការថតរឿងដែលចំណាយពេលយូរថ្ងៃប្រហែលជាមិនអាចថតបានទេ។

តារាត្រៀមគ្រងឈុតកូនក្រមុំរូបនេះបន្ថែមថា “ខ្ញុំស្រលាញ់អាជីពសិល្បៈតាំងពីតូច អ៊ីចឹងខ្ញុំមិនអាចឈប់ផ្តាច់នៅពេលនេះទេ គឺនៅតែទទួលការងារសិល្បៈណាដែលខ្លីៗ។ ពេលនេះក្រៅពីអាជីពសិល្បៈខ្ញុំក៏បានបើកលក់គ្រឿង Cosmetic យកមកពីថៃដែរ គឺមានរយៈពេលជាង១ឆ្នាំទៅហើយនឹងដំណើរការរលូនល្អគួរសម”។

ជា ម៉ារី អាយុ២៥ឆ្នាំ ជាអតីត Freshie លេខ១ កាលពីឆ្នាំ២០១២ ជំនាន់ទី១១ ហើយនាងធ្លាប់ថតសម្តែងខារ៉ាអូខេ តាមបណ្តា ផលិតកម្មមួយចំនួន និងតាមកម្មវិធីកម្សាន្ត ជាច្រើនទៀតដូចជា ប្រហុកធីវី ជាដើម។

ដោយឡែក ភាពយន្តវិញ កន្លងមក ម៉ារី ធ្លាប់សម្តែងបានតែ២រឿងប៉ុណ្ណោះគឺរឿង “ភពផែនដែនស្នេហ៍” និងរឿង “ខ្មោចទឹកកក”៕

