ដោយសារតែឃើញពិធីការិនី កែវ ច័ន្ទនិមល រងនូវការរិះគន់ពីសំណាក់មហាជន ដែលនាងបានធ្វើជាពិធិធីការិនីក្នងុកម្មវិធី “ឋានសួគ៌ឬឋាននរក” នោះ កញ្ញាសូ ដានីតា អតីតពិធីការិនីដែរនោះ បានបានចែករំលែកបទពិសោធន៍ និងបានស្នើសុំមហាជនកុំស្តីបន្ទោសលើនិមល។

នៅលើទំព័រហ្វេសប៊ុក កញ្ញាសូ ដានីតា បានបង្ហោះសារថា “ប៉ុន្មានថ្ងៃនេះ បើក Facebook ឃើញតែរឿងផ្លូវគោក ហើយលឺគេនិយាយតែរឿងផ្លូវគោក ដែលទាក់ទងទៅសំនួរចម្លើយក្នុងកម្មវិធី នាងខ្ញុំសុំនិយាយក្នុងនាមមនុស្សកណ្តាល ហើយនាងខ្ញុំកន្លងមកក៏ធ្លាប់ជាពិធិការិនីក្នុងកម្មវិធីផ្សេងៗ នឹងតាមស្ថានីយទូរទស្សន៍ចំនួន៧ស្ថានីយកន្លងមកហើយ”។

សូ ដានីតា បានបង្ហោះសារបន្ថែមទៀតថា “សំរាប់ មុល គឺគាត់និយាយថាខុសរឺត្រូវ គឺតាមការរៀបចំរបស់កម្មវិធីរួចជាស្រេច បើមុលដឹងខុស ក៏មុលមិនអាចប្រកែក ព្រោះរាល់កម្មវិធីសំនួរចម្លើយ នឹងក្រដាសសំនួរ&សម្លើយ កម្មវិធីគេយកឲ្យយើងជាពិធីករពិធីការិនីចាំផ្ទៀងចម្លើយបេក្ខជននៅហ្នឹងរួចជាស្រេច ចឹងសូមមេត្តាបងប្អូនកុំជេរស្តីបន្ទោសគាត់អី …”។

ដោយឡែកកញ្ញាកែវ ច័ន្ទនិមល ក៏បានបង្ហោះសារបញ្ជាក់រួចទៅហើយ អ្វីៗនាងធ្វើទៅតាមអ្នករៀបចំកម្មវិធីប៉ុណ្ណោះ ហើយក្រុមការងារក្នុងកម្មវិធី “ឋានសួគ៌ឬឋាននរក” ក៏មិនបានគេចវេះពីបញ្ហានេះដែរ ដូច្នេះនាងសូមឲ្យមហាជនយោគយល់ផងចុះ៕

