តារាចម្រៀងវ័យក្មេងសាច់សខ្ចីម៉ដ្ឋខៃ កញ្ញាវីរៈនិច្ច (ឆេង ស្រីនិច្ច) ម្ចាស់បទ “មនុស្សស្រីមានសង្សារច្រើន មិនមែនសុទ្ធតែសាវា” បានអះអាងថា រូបសម្រស់របស់នាងពេលនេះគឺនៅរក្សារបស់ហ្ស៊ីនពីធម្មជាតិទាំងអស់ មិនបានកែច្នៃត្រង់ណាមួយទេ ហើយក៏មិនប្តូរចិត្តថាត្រូវកែកន្លែងណាមួយដែរ បើទោះជានាងថាមិនមែនជាស្រីស្អាតគ្រប់កន្លែងយ៉ាងណាក៏ដោយ។

ការដែលវីរៈនិច្ច ចង់រក្សាររបស់ពីធម្មជាតិឱ្យបាន១០០%ជាប់ខ្លួននេះ ដោយនាងអះអាងថា ដោយសារម្តាយរបស់នាងមិនអនុញ្ញាតឱ្យមានការកែសម្រស់ជាដាច់ខាត ព្រោះខ្លាចទៅថ្ងៃក្រោយជួបផលវិបាក។

តារាសាន់ដេ រូបនេះ វាចាថា “ម៉ែខ្ញុំមិនឱ្យកែសម្រស់ទេ! គាត់ហាមតែម្តង អត់ឱ្យកែកុនអីត្រង់ណាជាដាច់ខាត។ ខ្ញុំផ្ទាល់មិនមែនថាខ្លួនឯងស្អាតគ្រប់យ៉ាងទេ តែឥឡូវយើងនៅក្មេងដែរ អ៊ីចឹងក៏មិនចង់កែត្រង់ណាដែរ ព្រោះយើងក្មេងអ៊ីចឹងនៅផាត់មុខទៅលើកមុខបានដែរ!”។

វីរៈនិច្ច អតីត Freshie Girl លេខ២ កាលពីឆ្នាំ២០១៤ ហើយដោយសារតែមានរូបសម្រស់ស្អាត ទឹកដមសំឡេងអំណោយផលនោះ ទើបនាងអាចឈានចូលច្រៀងនៅសាន់ដេ បានដោយងាយ តាមរយៈការជួយជ្រោមជ្រែងពីលោកពូបង្កើតរបស់នាង ដែលជាតារាចម្រៀងល្បីស្រាប់ គឺលោកខាន់ ជេមស៍។

វីរៈនិច្ច បានឱ្យដឹងថា លោកជេមស៍ បានជួយនាងច្រើនរឿងចូលសិល្បៈនេះ ហើយនាងចង់ច្រៀងជាមួយពូដែរ តែអ្វីៗគឺនៅលើក្រុមហ៊ុនជាអ្នករៀបចំឱ្យប៉ុណ្ណោះ។

វីរៈនិច្ច បន្ថែមថា “តាំងពីការស្លៀកពាក់ឡើងឆាក ការច្រៀងនិងរបៀបតុបតែងខ្លួនអី ពូជេមស៍ គាត់ជួយប្រាប់ដល់ខ្ញុំច្រើនណាស់។ គាត់មានសំឡេងល្អ ខ្ញុំចង់ច្រៀងជាមួយគាត់តែនៅលើក្រុមហ៊ុនរៀបចំ។ កន្លងមកខ្ញុំចាប់ដៃជាមួយនាយចឺម ផ្ទុះ គេគាំទ្រច្រើន តែពេលខាងមុខនេះខ្ញុំនឹងចាប់ដៃជាមួយដៃគូថ្មីលោកជ័យ សុវ៉ាត វិញម្តងឱ្យប្លែក កុំឱ្យច្រំដែលៗ”។

ស្រីស្អាតវីរៈនិច្ច ដែលទើបអាយុ២១ឆ្នាំនោះ អះអាងថា ទោះជាកន្លងមក នាងនិងនាយចឺម ហាក់មានភាពស្និទ្ធស្នាលគ្នាលើសពីធម្មតាមែន ប៉ុន្តែគ្មានទំនាក់ទំនងពិសេសនៅក្រៅឆាកឡើយ៕
